(ភ្នំពេញ)៖ នៅថ្ងៃ ទី២៧ ខែកក្កដា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក (យប់៥លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ រងរបួសធ្ងន់១៨នាក់ និងរបួសស្រាល២នាក់ នេះបើតាមការចុះផ្សាយរបស់ គេហទំព័អគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៦គ្រឿង រួមមានម៉ូតូចំនួន៦គ្រឿង រថយន្តធុនតូចចំនួន៥គ្រឿង រថយន្តធុនធំចំនួន៣គ្រឿង និងយានផ្សេងៗ២គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើត មានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៥លើក, បត់គ្រោះថ្នាក់១លើក, មិនគោរពសិទ្ធិ៣លើក,ប្រជែងគ្រោះថ្នាក់១លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៥នាក់ (យប់៣នាក់)។
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន៣,៤៨៩គ្រឿង ក្នុងនោះបានធ្វើការអប់រំ ចំនួន១,៤៦៦គ្រឿង និងពិន័យសរុប ចំនួន២,០២៣គ្រឿង៕