(ប៉ៃលិន)៖ លោក អុី ឈាន បេក្ខភាពតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងលោកស្រី បាន ស្រីមុំ ប្រធានគណបក្សខេត្ត រួមនឹងក្រុមការងារចុះជួយឃុំ និងភូមិ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញបន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសមាជិកបក្សជាង ៤០០នាក់ នៅឃុំអូរអណ្តូង និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដើម្បីផ្សព្វផ្សាយគោលនយោបាយបក្ស និងណែនាំពីរបៀបគូសសន្លឹកឆ្នោត។

ក្នុងឱកាសនោះ លោក អ៉ី ឈាន បានពាំនាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនប្រកាន់បក្សពួក ពណ៌សប្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

បេក្ខជនតំណាងរាស្ត្រ បានលើកឡើងថា សុខសន្តិភាព និងសមិទ្ធផលទាំងអស់ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ជាពិសេសប៉ៃលិនរបស់យើង មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺកើតឡើង ដោយការតាំងចិត្ត ការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំកំពូលៗ ក៏ដូចជា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា ដូច្នេះយើងទាំងអស់គ្នា ត្រូវនាំគ្នាថែរក្សាឱ្យបានគង់វង្ស ដោយត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រីនាថ្ងៃអនាគត។

លើសពីនេះ លោក អ៉ី ឈាន ក៏បានអំពាវនាវដល់សកម្មជន សមាជិក-សមាជិកាគណបក្ស ក៏ដូចជាប្រជាពលរដ្ឋទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នា ពិសេស គឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ជាសម្គាល់ និងមានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត។

លោក អ៉ី ឈាន និងក្រុមការងារ ក៏បានបង្រៀនសមាជិក សមាជិកាបក្ស អំពីការគូសសន្លឹកឆ្នោតដែលត្រឹមត្រូវ ដើម្បីបានបញ្ចេញនូវឆន្ទះ ក្នុងការគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យទទួលជ័យជំនះរាល់ការបោះឆ្នោតគ្រប់ៗអណត្តិ។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ នាំគ្នាទៅបោះឆ្នោតគ្រប់ៗគ្នាត្រូវគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ៕