(រតនគិរី)៖ លោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការបក្សខេត្តរតនគិរី, លោក ណាប់ ប៊ុនហេ ងសមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយមូលដ្ឋានខេត្តរតនគិរី នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ បានបន្តដឹកនាំសមាជិកបក្ស ដង្ហែក្បួនឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាលើកទី២ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅក្រុងបានលុង។
ក្នុងនោះក៏មានការអញ្ជើញអមដំណើរដោយលោកស្រី ញាណ ទិត្យចិន្តា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត, លោក ឌុច ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត, លោក សាយ សាមាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត, លោក ធូ ឃឿ ប្រធានគណៈកម្មាធិការបក្សក្រុងបានលុង, លោក ប៊ី ជីវន្តតារា អនុប្រធានគណៈកម្មាធិការបក្សក្រុងបានលុង ព្រមទាំងលោក លោកស្រីសមាជិកក្រុមការងារគណបក្សសង្កាត់, ក្រុង, ខេត្តចុះមូលដ្ឋានក្រុងបានលុង ជាច្រើនរូបទៀត។
លោក ញ៉ែម សំអឿន បានកោតសរសើរដោយស្មោះស ចំពោះសមាជិក សមាជិកាគណបក្ស សកម្មជន និងអ្នកគាំទ្រគណបក្ស ប្រជាជនកម្ពុជាទាំងអស់ ដែលបានផ្តល់ការជឿជាក់ និងបន្តការគាំទ្រដ៏ស្មោះស្ម័គ្រចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឱ្យគណបក្សមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន ប្រកបដោយជោគជ័យ ក្នុងរយៈពេលជាង ៤៤ឆ្នាំកន្លងទៅនេះ។
ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី បានគូសបញ្ជាក់នូវជំហរឥតងាករេ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដោយគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោត។
លោក ញ៉ែម សំអឿន បានស្នើដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ សូមចូលរួមក្នុងយុទ្ធនាការឃោសនានេះឱ្យបានសកម្មបំផុត ដើម្បីបង្ហាញពីកម្លាំង នៃសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំរបស់គណបក្ស ដោយប្រកាន់ខ្ជាប់នូវភាពថ្លៃថ្នូរ និងសីលធម៌ ដ៏ល្អប្រសើរ។
ជាចុងក្រោយលោក ញ៉ែម សំអឿន បានអំពាវនាវឱ្យប្រជាពលរដ្ទទាំងអស់សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ពិសេស គឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» មានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត និងសូមគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោតស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសម្លេង គឺដើម្បីខ្លួនឯង ដើម្បីសន្តិភាព ការអភិវឌ្ឍ និងអនាគតកូនចៅជំនាន់ក្រោយ។
នៅក្នុងពិធីដង្ហែក្បួនឃោសនារកសំឡេងឆ្នោតជាលើកទី២នោះ ត្រូវបានប្រជាជននៅតាមមូលដ្ឋានភូមិ សង្កាត់និងនៅតាមដងផ្លូវ បានធ្វើការអបអរសាទរស្វាគមន៍ និងសូមជូនពរសូមឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះជាថ្មីទៀត ដើម្បីជូនសម្ដេចតេជោ ហ៊ុន សែន បន្តជានាយករដ្ឋមន្ត្រី ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។
សូមបញ្ជាក់ថា ការដង្ហែក្បួនឃោសនារកសំឡេងឆ្នោតជាលើកទី២នៅក្រុងបានលុងមានសមាជិក សមាជិកាចូលរួមចំនួន ២,៦២៩នាក់ (ស្រី១,៥៧០នាក់), មធ្យោបាយ១៩៣គ្រឿង (រថយន្តធុនតូច១៨៩គ្រឿង, រថយន្តធុនធំ៤គ្រឿង), ម៉ូតូ៣០៦គ្រឿង (ម៉ូតូកង់បី៦គ្រឿង, រ៉ឺម៉កចំនួន៥គ្រឿង៕