(កំពង់ចាម)៖ លោកបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោល ចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម បានដឹកនាំយុវជនគណបក្ស ចំនួន ៥០០០នាក់ ដង្ហែរក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយមានការសហការ និងចូលរួមពីថ្នាក់ដឹកនាំ និងសកម្មជនគណបក្សស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣។

លោកបណ្ឌិត ម៉ឹង មករា ក៏បានដាស់តឿនរំលឹកដល់សកម្មជនបក្ស ក្នុងនាមគណបក្សដែលមានភាពចាស់ទុំ សូមឱ្យសកម្មជនគណបក្សទាំងអស់គោរពយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។

លោកបណ្ឌិត ម៉ឹង មករា ក៏បានលើកទឹកចិត្ដដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សទាំងអស់ ធ្វើខ្លួនជាកម្លាំងចលករក្នុងការពង្រឹងការងារឃោសនាអប់រំគោលនយោបាយបក្ស និងបំផុសចលនាមហាជនក្នុងមូលដ្ឋាន ឱ្យមកចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ មានសមាជិកច្រើនជាងគេ មានគោលនយោបាយច្បាស់លាស់ និងមានសក្តានុពលភាពជាងគេ ក្នុងការគ្រប់គ្រង ដឹកនាំ និងកសាងប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍន៍ជានិរន្តរ៍។ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ពណ៌សម្បុរ ប៉ុន្តែជាគណបក្សដែលប្រកាន់ខ្ជាប់នូវគោលជំហរ សុខដុមនីយកម្ម ធ្វើឲ្យការដឹកនាំប្រកបដោយសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងរក្សាបាននូវគោលនយោបាយរបស់ខ្លួន ស្របតាមសម័យកាលជានិច្ច។ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលប្រសូតចេញពីប្រជាជន ដើម្បីប្រជាជន បម្រើប្រជាជន និងធ្វើអ្វីគ្រប់យ៉ាងដើម្បីបុព្វជាតិមាតុភូមិ និងប្រជាជន។

ប្រជាពលរដ្ឋអាចមានលទ្ធភាពប្រកបអាជីវកម្មចិញ្ចឹមគ្រួសារ មានកម្មសិទ្ធិដីធ្លី លំនៅឋាន សាលារៀន មន្ទីរពេទ្យ វត្តអារាម និងអាចធ្វើដំណើរគ្រប់ទីកន្លែងទៅបាន ក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងមានការអភិវឌ្ឍពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធាន គណបក្សប្រជាជនកម្ពុជា។

ក្រោមការចង្អល់បង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកបណ្ឌិតហ៊ុន ម៉ាណែត នាពេលកន្លងមកក្រុមការងារជនបង្គោល ចុះជួយស្រុកជើងព្រៃ ដឹកនាំដោយលោកបណ្ឌិត ម៉ឹង មករា បានរួមចំណែកចុះជួយប្រជាពលរដ្ឋ រួមមាន៖ ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រឡាយទឹក ស្រះទឹក ការដាំកូនឈើ ព្រមទាំងការងារសេដ្ឋកិច្ចសង្គម រួមមានវិស័យសុខាភិបាល វិស័យអប់រំ ជាពិសេស វិស័យកសិកម្ម ដែលជាសសរស្ដមសេដ្ឋកិច្ចជាតិដ៏មានសារៈសំខាន់សម្រាប់គ្រួសារប្រជាពលរដ្ឋនៅជនបទ។

លោកបណ្ឌិត មុឹង មករា ក៏បានលើកទឹកចិត្ត នឹងស្នើសុំឱ្យប្រជាពលរដ្ឋចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅ ខែកក្កដា ខាងមុខនេះ ជាពិសេសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីបន្តគាំទ្រ សម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី នៅអាណិត្តទី៧ និងគាំទ្របក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នាពេលអនាគត ដើម្បីដឹកនាំរក្សាសុខសន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិយើងឱ្យកាន់តែរីកចម្រើនជានិរន្តរ៍។

ដោយឡែកនៅក្នុងខេត្តកំពង់ចាម ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានចំនួន ៦៥២,៥៤០នាក់ មានការិយាល័យបោះឆ្នោតសរុបចំនួន ១,៦៨២ និងមានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ចំនួន១២៕