(ភ្នំពេញ)៖ លោក អ៊ុំ សារិទ្ធ ប្រធានក្រុមការងារចុះជួយខណ្ឌជ្រោយចង្វារ និងលោក ឃ្លាំង ហួត ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាអនុប្រធានទី១ នៃក្រុមការងារចុះជួយខណ្ឌជ្រោយចង្វារ និងក្រុមការងារចុះជួយសង្កាត់ទាំង៨ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ បានរៀបចំមីទ្ទិញ សំណេះសំណាល និងដង្ហែក្បួនឃោសនារកសម្លេងឆ្នោតជាលើកទី២ មានសមាជិក សមាជិកា ចូលរួម ២,០០០នាក់ នៅក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ។
លោក ឃ្លាំង ហួត បានកោតសរសើរដោយស្មោះស ចំពោះសមាជិក សមាជិកាគណបក្ស សកម្មជន និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានផ្តល់ការជឿជាក់ និងបន្តការគាំទ្រដ៏ស្មោះស្ម័គ្រ ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឱ្យគណបក្សមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន ប្រកបដោយជោគជ័យ ក្នុងរយៈពេលជាង ៤៤ឆ្នាំកន្លងទៅនេះ។
អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខណ្ឌជ្រោយចង្វារ បានគូសបញ្ជាក់នូវជំហរឥតងាករេ របស់សមាជិក សមាជិកា ក្នុងការចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោត។
លោក ឃ្លាំង ហួត បានស្នើដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាខណ្ដទាំងអស់ សូមចូលរួមក្នុងយុទ្ធនាការឃោសនានេះ ឱ្យបានសកម្មបំផុត ដើម្បីបង្ហាញពីកម្លាំង នៃសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំរបស់គណបក្សយើង ដោយប្រកាន់ខ្ជាប់នូវភាពថ្លៃថ្នូរ និងសីលធម៌ ដ៏ល្អប្រសើរ។
លោកឃ្លាំង ហួត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ទទាំងអស់សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ពិសេស គឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» មានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត និងសូមគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោតស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសម្លេង គឺដើម្បីខ្លួនឯង ដើម្បីសន្តិភាព ការអភិវឌ្ឍ និងអនាគតកូនចៅជំនាន់ក្រោយ។
នៅក្នុងពិធីដង្ហែក្បួនឃោសនារកសំឡេងឆ្នោតជាលើកទី២នោះ ត្រូវបានប្រជាជននៅតាមមូលដ្ឋានភូមិនានាទូទាំងខណ្ឌ និងនៅតាមដងផ្លូវ បានធ្វើការអបអរសាទរស្វាគមន៍ និងសូមជូនពរសូមឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះជាថ្មីទៀត ដើម្បីជូនសម្ដេចតេជោ ហ៊ុន សែន បន្តជានាយករដ្ឋមន្ត្រី ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពបន្តវេន បន្តដឹកនាំនាវាកម្ពុជា ក្នុងសុខសន្តិភាព និងការអភិវឌ្ឍជាដរាប។
សូមបញ្ជាក់ថា ក្បួនយុទ្ធនាការហេឃោសនា របស់គណបក្សប្រជាជនកម្ពុជាខណ្ឌជ្រោយចង្វារ ដង្ហែក្បួនឃោសនារកសម្លេងឆ្នោតជាលើកទី២ មានសមាជិក សមាជិកាចូលរួម ២,០០០នាក់ ដោយចាប់ផ្ដេីមពីវិមានឈ្នះៗ ជិះជុំវិញមូលដ្នានខណ្ឌជ្រោយចង្វារ បញ្ចប់នៅស្នាក់ការគណបក្ស នៅសង្កាត់ព្រែកតាសេក៕