(ពោធិ៍សាត់)៖ លោក ទី ថានី បេក្ខជនតំណាងរាស្រ្តមណ្ឌលពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកវាលវែង នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ចុះណែនាំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា និងផ្សព្វផ្សាយកម្មវិធីនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋានឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា។

ពិធីនេះធ្វើឡើងនៅមុខកាប៊ីនភ្លើង ភូមិស្ទឹងតាចាន់ ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោកអភិបាលរងស្រុក ក្រុមការងារចុះជួយឃុំ ក្រុមការងារអង្គភាពព័ត៌មាន Fresh News និងសមាជិក សមាជិកា ប្រមាណជិត៥០០នាក់។

ក្នុងឱកាសនោះ លោក ទី ថានី បានរំឮកពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបាននាំមកនូវភាពរីកចម្រើននៅទូទាំងប្រទេស ជាពិសេសក្នុងមូលដ្ឋានស្រុកវាលវែងផ្ទាល់ ដោយបាននាំមកនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ភ្លើងអគ្គិសនី កសិដ្ឋាន សំណង់តូចធំ តំបន់សេដ្ឋកិច្ចពិសេសថ្មដា... ដែលជាសក្ខីភាពមួយបង្ហាញថា កម្ពុជាបាននិងកំពុងធ្វើដំណើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ ប្រកបដោយក្តីសង្ឃឹម ជឿជាក់ តាមរយៈការ ចូលរួមរបស់ប្រជាជនកម្ពុជាគ្រប់ៗគ្នា។

លោក ទី ថានី បន្ថែមថា សមិទ្ធផលទាំងនេះ សុទ្ធតែបានមកពីផ្លែផ្កានៃសន្តិភាព ដោយការយកអាយុជីវិតធ្វើជាដើមទុន និងពលីកម្មដ៏ធំធេងរបស់ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។

លោកប្រធានក្រុមការងារ បានគូសបញ្ជាក់បន្ថែមថា «យើងទាំងអស់គ្នាដែលជាកូនចៅជំនាន់ក្រោយ នឹងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ និងប្តេជ្ញាចិត្តចូលរួមក្នុងការការពារសន្តិភាពឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច តាមរយៈ ការទៅចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ មានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត»

លើសពីនេះ សូមបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ និងគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។

ជាមួយគ្នានោះ បេក្ខជនតំណាងរាស្រ្ត បានបង្ហាញប្រជាពលរដ្ឋ អំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានអាន និងពន្យល់អំពីខ្លឹមសាររបស់កម្មវិធីនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយជាកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមនាឱកាសនោះផងដែរ៕