(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា រហូតមកដល់ពេលនេះ បើនិយាយអំពីទង្វើរបស់បុគ្គល សម រង្ស៊ី ដែលបានស្រែកយ៉ាងក្ដែងៗ ប្រកូកប្រកាសញុះញង់បំផុសបំផុលដល់សកម្មជនខ្លួន កុំឲ្យចេញទៅបោះឆ្នោត ឬត្រួវគូសខ្វែងសន្លឹកឆ្នោតចោល ក្នុងការបោះឆ្នោតនៅថ្ងៃទី២៣ កក្ដដា ឆ្នាំ២០២៣ខាងមុខនេះ គឺមិនខុសពីទង្វើរបស់ពួកខ្មែរក្រហម កាលពីសម័យបោះឆ្នោតនានីតិកាលទី១ នៃរដ្ឋសភា ឆ្នាំ១៩៩៣នោះទេ។

ព្រោះនរណាក៏ដឹងដែរថា នាពេលនោះ ពួកខ្មែរក្រហម ដែលមានបំណង ចង់បំផ្លាញចោលការបោះឆ្នោត និងប្រជាធិបតេយ្យនៅកម្ពុជា បានរត់ទៅពូនសម្ងំក្នុងព្រៃ ហើយបានស្រែកយ៉ាងក្ដែងៗ ប្រកូកប្រកាសញុះញង់បំផុសបំផុល ដល់សកម្មជនខ្លួនថា កុំទៅបោះឆ្នោត គឺមិនខុសពីទង្វើរបស់បុគ្គល សម រង្ស៊ី ដែលកំពុងតែញុះញង់មិនឲ្យសកម្មជនខ្លួន ចេញទៅបោះឆ្នោតនេះទេ។

ហេតុនេះ លោក រ័ត្ន សណ្ដាប់ ក៏សូមអំពាវនាវថា ស្ថិតក្នុងបរិបទសង្គមខ្មែរយើង ដែលកំពុងមានសន្ដិភាព និងការអភិវឌ្ឍលើគ្រប់វិស័យដ៏ប្រពៃថ្លៃថ្លានេះ។ ដូច្នេះសូមប្រជាជាតិខ្មែរជាទីគោរព មេត្ដាអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ព្រមទាំងគូសសន្លឹកឆ្នោតដល់គណបក្សណាដែលបងប្អូនស្រទ្បាញ់ ពេញចិត្ដឲ្យបានត្រឹមត្រូវ និងសូមរួមគ្នាកំចាត់ចោលនូវទស្សនជ្រុលនិយមខ្មែរក្រហម ដើម្បីស្រុកសាន្តត្រាណនិងការអភិវឌ្ឍ ស្រុកទេសដល់កូនចៅយើងជំនាន់ក្រោយៗ ទៀតតរៀងទៅ៕