(កណ្តាល)៖ បណ្ឌិត គុណ ញឹម អនុប្រធានទី១ គណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកៀនស្វាយ និងលោកស្រី តំណាងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ បានដឹកនាំដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ លើកទី២ នៅឃុំកំពង់ស្វាយ ឃុំឈើទាល ឃុំសំរោងធំ និងឃុំគគីរធំ ដែលមានសមាជិកគណបក្សប្រជាជនកម្ពុជាចូលរួមប្រមាណជាង ២ ពាន់នាក់។
ទន្ទឹមនេះ នៅឃុំចំនួន៤ ផ្សេងទៀត រួមមាន ឃុំភូមិធំ ឃុំគគីរ ឃុំដីឥដ្ឋ និងឃុំបន្ទាយដែក ក្នុងស្រុកកៀនស្វាយ ក៏មានរៀបចំការដង្ហែក្បួនឃោសនាបោះឆ្នោតលើកទី២ ក្រោមការដឹកនាំដោយប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំសាមីនីមួយៗ សហការជាមួយគណបក្សស្រុកកៀនស្វាយ និងគណបក្សឃុំនីមួយៗ តាមតម្រាយផ្លូវក្នុងភូមិសាស្រ្តឃុំរៀងៗខ្លួន ផងដែរ។
ក្នុងឱកាសនោះ លោកបណ្ឌិតបានណែនាំក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ និងសកម្មជនគណបក្សគ្រប់រូប ត្រូវបង្កើនសកម្មភាពចុះឃោសនា ដោយបង្កើតជាក្រុមតូចៗចុះជួបប្រាស្រ័យផ្ទាល់ទៅតាមគ្រប់ខ្នងផ្ទះរបស់សមាជិកបក្ស ដើម្បីបង្ហាញរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ, ផ្ទៀងផ្ទាត់ឯកសារសម្រាប់ការបោះឆ្នោត និងផ្សព្វផ្សាយគោលនយោបាយគណបក្ស ជាពិសេសអំពីគុណបំណាច់ដ៏ឧត្តុង្គឧត្តមរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអគ្គមគ្គុទេសក៍ដ៏ឆ្នើមបំផុតរបស់កម្ពុជា ដែលដឹកនាំប្រទេសជាតិ ឱ្យទទួលបានសន្តិភាពពេញបរិបូណ៌ និងការអភិវឌ្ឍលើគ្រប់វិស័យ។ លើសពីនេះ,ក្រុមការងារ និងសកម្មជនគណបក្ស ត្រូវក្តាប់សភាពការណ៍សតិអារម្មណ៍ របស់ប្រជាជននៅមូលដ្ឋាន និងត្រូវទប់ស្កាត់ឱ្យបាននូវសកម្មភាពញុះញង់ ប្រជាពលរដ្ឋឱ្យគូសខ្វែងសន្លឹកឆ្នោតចោល ឬគូសច្រើនដងលើសន្លឹកឆ្នោត ដើម្បីឱ្យក្លាយជាសន្លឹកឆ្លោតមិនបានការ។
លោកបន្តថា សម្រាប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ សកម្មជនគណបក្សគ្រប់រូបត្រូវសកម្ម ក្នុងការកៀរគរសមាជិកគណបក្សទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមាន រូបទេវតាបាចផ្កា នៅលេខរៀងទី១៨ ឱ្យបានគ្រប់គ្នាដើម្បីសម្រេចបាននូវការសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់គណបក្សគឺ «សមាជិកបក្ស ១រូប គឺជាសំឡេងឆ្នោតគាំទ្រគណបក្ស ១សន្លឹក»។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្ដេចតេជោ បន្តដឹកនាំប្រទេស ក៏ដូចជាគាំទ្រ បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន ក្នុងគោលបំណងរក្សាស្ថិរភាព, សនិ្តភាព និងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន ។
បន្ទាប់ពីបញ្ចប់ការដឹកនាំដង្ហែក្បួនឃោសនាបោះឆ្នោត នៅឃុំគគីរធំ លោកបណ្ឌិត និងលោកស្រី ក៏បានចុះជួបសំណេះសំណាល ផ្ដល់ការណែនាំ និងការលើកទឹកចិត្តដល់សកម្មជនគណបក្ស ដែលកំពុងប្រចាំការ និងធ្វើយុទ្ធនាការឃោសនា នៅតាមមណ្ឌលសកម្មភាពគណបក្ស ក្នុងមូលដ្ឋានឃុំសំរោងធំ ឃុំបន្ទាយដែក ឃុំដីឥដ្ឋ ឃុំគគីរ និងឃុំភូមិធំ នៃស្រុកកៀនស្វាយ ក្នុងខេត្តកណ្ដាលផងដែរ៕