(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកកំពង់ស្វាយ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តចុះផ្សព្វផ្សាយគោលនយោបាយ និងបង្រៀនគូសសន្លឹកឆ្នោត ដល់ប្រជាពលរដ្ឋចំនួន ២៦០នាក់ មកពីភូមិអន្លង់លោក និងភូមិកំពង់ក្របី ក្នុងឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្នុងឱកាសនោះដែរលោកស្រី ឃួន ឃុនឌី បានសំដែងសេចក្តីភាពរីករាយជាទីបំផុត និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់ក្រុមការងារចុះមូលដ្ឋានឃុំព្រៃគុយ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានមកជួបជុំគ្នាថ្ងៃនេះ ដើម្បីគាំទ្រគោលនយោបាយ និងគោរពស្រឡាញ់ចំពោះគណបក្សប្រជាជនកម្ពុជា។
លោកស្រីបានបន្តថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ស្ថេរភាពនយោបាយ ការពាររបបរាជានិយម ធានាបានលំនឹងសេដ្ឋកិច្ច ធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសគ្រប់គ្រង បង្ការទប់ស្កាត់បានប្រកបដោយប្រសិទ្ធិភាពជំងឺកូវីដ១៩ និងសូមឱ្យប្រជាពលរដ្ឋមានជំហរច្បាស់លាស់ សម្រេចចិត្តឱ្យបានត្រឹមត្រូវក្នុងការបោះឆ្នោត ដើម្បីកំណត់នូវជោគវាសនារបស់ប្រទេសជាតិ ក៏ដូចជាកំណត់នូវជោគវាសនារបស់ខ្លួនឯងផងដែរ។
លោកស្រីក៏បានអំពាវនាវឱ្យសមាជិក និងប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា នូវលេខរៀងងទី១៨ ដែលមានមាននិមិត្តសញ្ញា ទេវតាបាចផ្កាជាសម្គាល់៕