(កណ្តាល)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកខ្សាច់កណ្ដាល ស្រុលល្វាឯម ក្រុងអរិយក្សត្រ និងស្រុកកៀនស្វាយ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះសំណេះសំណាល និងហែក្បួនឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី៧ នៅក្រុងអរិយក្សត្រ ខេត្តកណ្តាល ដែលមានសមាជិក សមាជិកាចូលរួមប្រមាណ៣០០០នាក់។

ថ្លែងទៅកាន់ពលរដ្ឋយ៉ាងច្រើនកុះករ ដែលបានចូលរួមក្នុងក្បួនឃោសនា, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អំពាវនាវដល់ពលរដ្ឋម្ចាស់ឆ្នោត សូមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹតទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅក្នុងសន្លឹកឆ្នោត ដើម្បីរួមគ្នារក្សាសុខសន្តិភាព, ជំរុញការអភិវឌ្ឍបន្ថែម និងដើម្បីទទួលបានអត្ថប្រយោជន៍នានា ដែលប្រកាសដាក់ឱ្យអនុវត្តដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាបេក្ខជននាយករដ្ឋមន្ត្រី។

សមាជិកសមាជិកាបក្សដែលចូលរួមទាំងអស់ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រី នីតីកាលទី៧ និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេន នាពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជា។

បន្ទាប់ពីសំណេះសំណាលរួចមក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្តបើកក្បួនដង្ហែឃោសនាបោះឆ្នោតតាមផ្លូវគោលដៅ ដែលបានកំណត់ និងជួបជាមួយសមាជិកគណបក្សតាមមណ្ឌលសកម្មភាព នៅក្នុងក្រុងអរិយក្សត្រ ខេត្តកណ្តាល៕