(កណ្តាល)៖ លោក ឈាង រ៉ា អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសំពៅពូន ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ លើកទី២ នៅមូលដ្ឋានសង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល។
លោក ឈាង រ៉ា ក៏បានណែនាំដល់សមាជិកបក្សនៅមុនពេលចេញដំណើរដង្ហែក្បួនរកសំឡេងឆ្នោត ត្រូវរក្សានូវរបៀបរៀបរយគោរពឱ្យបាននូវក្រមសីលធម៌ និងច្បាប់បោះឆ្នោតព្រមទាំងគោរពវិន័យសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជន ដោយត្រូវគោរពឱ្យបានត្រឹមត្រូវនូវច្បាប់ចរាចរណ៍ក្នុងពេលធ្វើដំណើរ។
លោកបានអំពាវនាវដល់សមាជិកបក្ស និងប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមមេត្តាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញជូនប្រជាជនកម្ពុជា ព្រមទាំងបាននឹងកំពុងដំណើរការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យបន្ថែមទៀត។
នៅក្នុងពិធីដង្ហែក្បួនឃោសនារកសំឡេងឆ្នោតជាលើកទី២នោះ ត្រូវបានប្រជាជននៅតាមដងផ្លូវ និងនៅតាមមូលដ្ឋានភូមិនានានៅទូទាំងសង្កាត់អបអរសាទរស្វាគមន៍ និងសូមជូនពរសូមឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះជាថ្មីទៀត ដើម្បីជូនសម្ដេចតេជោ ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនបាននិងបន្តដឹកនាំនាវាកម្ពុជា ក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។
គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕