(កំពង់ចាម)៖ លោក មួន វាសនា ទីប្រឹក្សាសម្ដេច ហេង សំរិន និងជាសកលវិទ្យាធិការរង នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០២៣នេះ បានដឹកនាំបុគ្គលិក គ្រូឧទ្ទេស និងនិស្សិត ដាំដើមឈើ ចូលរួមអបអរថ្ងៃបុណ្យរុក្ខទិវា ៩ កក្កដា ២០២៣។
លោក មួន វាសនា បានថ្លែងថា បុណ្យរុក្ខទិវាដែលកំណត់ដោយព្រះរាជក្រឹត្យលេខ៧៣៨ ន.ស ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៥២។ លុះក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ នាយកដ្ឋានរុក្ខាប្រមាញ់ បានចងក្រងជាក្រឹត្យច្បាប់ស្ដីពីព្រៃឈើ និងបានចែងអំពីបុណ្យរុក្ខទិវានេះ ទៅជាបុណ្យជាតិ។ រហូតមកដល់ឆ្នាំ២០០២ ក៏មានគោលនយោបាយកំណត់ទម្រង់វិស័យព្រៃឈើជាតិ និងផ្អែកតាមមាត្រា៦១ នៃច្បាប់ស្ដីពីព្រៃឈើ ដែលប្រកាសឱ្យប្រើតាមព្រះរាជក្រមចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០២។
លោក មួន វាសនា បានបន្តថា នេះជាការចូលរួម អបអរសាទរ រុក្ខទិវា ៩ កក្កដា ២០២៣ ដែលជារៀងរាល់ឆ្នាំ នៅថ្ងៃទី៩ ខែកក្កដា គឺជាទិវាដ៏វិសេសវិសាលដែលព្រះរាជាណាចក្រកម្ពុជា តែងតែប្រារព្ធឡើងនូវពិធី «រុក្ខទិវា» (ព្រះរាជពិធីដាំកូនឈើ) ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។
ម្យ៉ាងទៀតពិធីបុណ្យ «រុក្ខទិវា» គឺជាចលនាបំផុសការដាំដុះដើមឈើដ៏ធំមួយ និងជាប្រពៃណីដ៏ល្អផូរផង់ឧត្តុង្គឧត្តម នៃព្រះរាជាណាចក្រកម្ពុជាយើង ដែលចលនានេះចាប់មានតាំងពី «សម័យសង្គមរាស្រ្តនិយម» ក្រោមព្រះរាជបូជនីយកិច្ចផ្ដួចផ្ដើម និងដឹកនាំដោយព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោត ព្រះនរោត្តម សីហនុ ចាប់តាំងពីទសវត្ស៣០ មកម៉្លេះ ដោយមានការចូលរួមយ៉ាងផុសផុលពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងបានក្លាយទៅជាសកម្មភាពយ៉ាងធំទូលំទូលាយ ក្នុងចលនាទិវាពលកម្មដាំដើមឈើនៅក្នុងសង្គម ដែលទីបំផុតត្រូវបានទទួលស្គាល់ជាពិធីប្រពៃណីជាតិមួយហៅថា «ពិធីរុក្ខទិវា» ដែលបានកំណត់ដោយព្រះរាជកិច្ច លេខ៧៣៨ នស.រកត ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៥២។
ជាមួយគ្នានោះដែរ លោក មួន វាសនា បានអំពាវនាវ និងជំរុញលើកទឹកចិត្តឱ្យបុគ្គលិក គ្រូឧទ្ទេស និងនិស្សិតទាំងអស់ ត្រូវតែចូលរួម និងសិក្សារៀនសូត្រស្វែងយល់បន្ថែម អំពីរបៀបបច្ចេកទេសដាំ និងថែទាំដាក់ជី ដាំបន្លែ ដាំដើមឈើ និង ដាំដំណាំហូបផ្លែផ្សេងៗឱ្យបានច្រើននៅជំវិញបរិវេណ ដីលំនៅដ្ឋាន និងដីចំការ ឬសហគមន៍របស់ខ្លួនឱ្យបានច្រើនដែលអាចធ្វើទៅបានកុំឱ្យដីនៅទំនេរ ដើម្បីជាអត្ថប្រយោជ៍ជួយលើកកម្ពស់ជីវភាពរបស់គ្រួសារ និងកាត់បន្ថយកំដៅ និងមានពណ៌បៃតងធ្វើឱ្យបរិយាកាសល្អស្រស់បំព្រងក្នុងសហគមន៍ផងដែរ៕