(ក្រចេះ)៖ ឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ១ខ្នង សង់អំពីឈើខូតខាតទាំងស្រុង ខណៈដែលម្ចាស់មិននៅផ្ទះទៅរកសុីស្រុកឆ្ងាយ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០១ និង៣០នាទីយប់ នៅចំណុចភូមិហាន់ជ័យទី២ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ។
យោងតាមរបាយការណ៍នគរបាលស្រុកឆ្លូង បានឱ្យដឹងថា ផ្ទះ០១ខ្នង ទំហំ០៦ម៉ែត្រ គុណ ១១ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿងជញ្ជាំងក្តារ ឆេះខូចខាតអស់ទាំងស្រុង។
ម្ចាស់ផ្ទះឈ្មោះ តែ វង្ស ភេទប្រុស អាយុ៥៦ឆ្នាំ និងប្រពន្ធឈ្មោះ ម៉ៅ សុភាព អាយុ ៥៧ឆ្នាំ។ ម្ចាស់ផ្ទះចាក់សោរទុកចោលទៅរកសុីនៅស្រុកឆ្ងាយ ហើយបានឆ្លងចរន្ដអគ្គិសនីបង្កជាអគ្គីភ័យឆាបឆេះអស់ទាំងស្រុង និងខូចសម្ភារប្រើប្រាស់មួយចំនួនទៀត សរុបជាទឹកប្រាក់អស់ប្រហែលចំនួន ១,៦០០០ដុល្លារ។
តាមរបាយការណ៍បានបញ្ជាក់ទៀតថា ករណីអគ្គិភ័យខាងលើនេះ កម្លាំងនគរបាលប្រើរថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកឆ្លូង ចេញអន្តរាគមន៍បាញ់ពន្លត់ ធ្វើឱ្យរលត់ទាំងស្រុង និងមិនឆេះរាលដាលទៅផ្ទះផ្សេងទៀត ដោយប្រើប្រាស់ទឹកអស់ចំនួន០២រថយន្ត និងមិនបណ្ដាលឱ្យមានមនុស្សរងគ្រោះក្នុងហេតុការណ៍នោះទេ៕