(ចិន)៖ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋប្រជាមានិតចិន គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបញ្ចប់ដំណើរទស្សនកិច្ច នៅទីក្រុងប៉េកំាង ដោយជោគជ័យ បន្ទាប់ពីបានជួបសវនាការ និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ ស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ នៃសាធារណរដ្ឋប្រជាមានិតចិន ជាច្រើនរូបរួចមក។
នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ គណៈប្រតិភូបានអញ្ជើញធ្វើដំណើរចាកចេញ ពីទីក្រុងបេកំាង ឆ្ពោះទៅកាន់ខេត្តក្វាងស៊ី ដើម្បីបន្តដំណើរបំពេញទស្សនកិច្ច នៅទីនោះបន្តទៀត។
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បានអញ្ជើញមកដល់អាកាសយានដ្ឋាន WU XU ទីក្រុងណាននីង ខេត្តក្វាងស៊ី នៅសៀលថ្ងៃដដែល។ នៅខេត្តក្វាងស៊ី ទឹកដីដ៏ស្រស់បំព្រង នៃសាធារណរដ្ឋប្រជាមានិតចិននេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្តេច ហេង សំរិន បានអញ្ជើញទៅទស្សនាតំបន់ប្រវត្តិសាស្រ្ត រមណីដ្ឋានទេសចរណ៍ និងក្រុមហ៊ុនឧស្សាហកម្ម មួយចំនួន។
ជាក់ស្តែង នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ គណៈប្រតិភូបានអញ្ជើញទៅទស្សនាភ្នំឈីងសៀវ។ នៅព្រឹកថ្ងៃទី២៨ ខែកក្កដានេះ គណៈប្រតិភូ នឹងបន្តដំណើរទស្សនាក្រុមហ៊ុនសំខាន់ៗមួយចំនូន ដែលមាននៅក្នុងខេត្តក្វាងស៊ី បន្តទៀត ដូចជា ក្រុមហ៊ុនកសិកម្ម JIN SUI និងឧទ្យានឱសថបុរាណចិន(Medicine Garden) ។
សូមជម្រាបថាខេត្តក្វាងស៊ី ស្ថិតនៅភាគខាងត្បូងប្រទេសចិនជាប់ឈូងសមុទ្រប៉េប៊ូ និងមានព្រំប្រទល់ជាប់ប្រទេសវៀតណាម ប៉ែកនិរតី។ ក្វាងស៊ីជាខេត្តតែមួយរបស់ប្រទេសចិន ដែលមានផ្លូវគោក និងផ្លូវសមុទ្រភ្ជាប់តំបន់អាស៊ាន ហើយជាច្រកសេដ្ឋកិច្ចអន្តរជាតិសម្រាប់ តភ្ជាប់ចិននិងអាស៊ាន។ ខេត្តក្វាងស៊ី ជាតំបន់នាំមុខនៃកិច្ចសហប្រតិបត្តិការរវាងចិន និងអាស៊ាន ទៀតផង។
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃកម្ពុជា នឹងជួបពិភាក្សាការងារជាមួយ លោក Peng Qinghua ប្រធានគណបក្សកុម្មុយនីសចិន ខេត្តក្វាងស៊ី និងជាប្រធានសភាប្រជាជនខេត្តក្វាងស៊ី នៅរសៀលថ្ងៃទី២៨ ខែកក្កដានេះ ផងដែរ៕