(សៀមរាប)៖ លោក ស្រេន សុព្រី អនុប្រធានគណចលនាសាសនិកឥស្លាមគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប តំណាងលោក អែល សៀត ប្រធានគណៈចលនាសាសនិកឥស្លាមខេត្ត បានដឹកនាំក្រុមការងារចុះបង្រៀនប្រជាពលរដ្ឋសាសនិកឥស្លាម អំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ នៅក្នុងភូមិទី៥ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣។
ពិធីនេះដែរ ក៏មានការចូលរួមពីលោក ស្រេន សុព្រី អនុប្រធានគណចលនាសាសនិកឥស្លាម គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប និងជាប្រធានគណចលនាសាសនិកឥស្លាមគណបក្សប្រជាជនកម្ពុជាក្រុងសៀមរាប និងលោកស្រី ម៉ាត់ អាសុីម៉ាស់ សមាជិកគណៈចលនាខេត្ត ព្រមទាំងលោក លោកស្រី អនុប្រធាន សមាជិកគណៈចលនាខេត្ត និងសមាជិកសមាជិកាសមាគមសម្ព័ន្ធយុវជនជាច្រើននាក់ចូលរួមផងដែរ។
លោក ស្រេន សុព្រី បានលើកឡើងថា គោលបំណងក្នុងការចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងផ្សព្វផ្សាយពីគោលនយោបាយបក្សប្រជាជន និងបង្រៀនសមាជិកបក្សនូវរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ គឺដើម្បីជៀសវាងការគូសខុស ដែលធ្វើឱ្យសន្លឹកឆ្នោតមិនអាចយកជាការបាន។
លោកបានបន្តថា ក្នុងការចុះបង្រៀននូវរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវនេះដែរ បានចំនួន៤០ខ្នងផ្ទះ ហើយនេះជាកិច្ចការដែលគ្រប់គណបក្សនយោបាយ អាចធ្វេីបានក្នុងអំឡុងពេលចុះឃោសនារកសម្លេងឆ្នោតផងដែរ។
លោកក៏បានធ្វើការក្រើនរំលឹកដល់ថ្នាក់ដឹកនាំក្រុមបក្ស ក៏ដូចជាក្រុមការងារទាំងអស់ ត្រូវធ្វើការពន្យល់ដល់សមាជិករបស់ខ្លួន កុំឲ្យចាញ់នូវពាក្យឃោសនាអកុសលរបស់ជនអកតិមួយចំនួន ដែលតែងតែបង្ហោញនៅតាមបណ្តាញសង្គម ក្នុងគោលបំណងឲ្យមានចលាចលនៅក្នុងសង្គមតែប៉ុណ្ណោះ។
ជាមួយនេះដែរ លោក ស្រេន សុព្រី ក៏បានក្រើនរំលឹកដល់សមាជិកសមាជិកានៅតាមសង្កាត់ ត្រូវចូលរួមជំរុញដល់សមាជិកក្រុមគ្រួសារ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមានឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នាផងដែរ៕