(សៀមរាប)៖ លោក ឥត សារ៉ាត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុង និងខេត្តសៀមរាប និងលោក ទៀ សីហា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការបក្សខេត្ត បេក្ខភាពតំណាងរាស្ត្រមណ្ឌលសៀមរាប នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋានសង្កាត់ស្លក្រាម ប្រមាណ៧០០នាក់ នៅក្រុងសៀមរាប។

នាឱកាសនោះដែរ លោក ឥត សារ៉ាត់ និងលោក ទៀ សីហា ក៏បានបន្តផ្សព្វផ្សាយកម្មវិធីនយោបាយ របស់គណបក្ស និងបង្ហាញអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នាឆ្នាំ២០២៣នេះ នៅមណ្ឌលសន្និបាទ ឪមីនីអាប៉ូឡូ ក្នុងក្រុង-ខេត្តសៀមរាប។

ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្ស, លោក ឥត សារ៉ាត់ និងលោក ទៀ សីហា ក៏បានរំឮកនូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, ជាពិសេសនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យប្រទេសកម្ពុជា មានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការកសាងស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិតាំងពីបាទដៃទទេ រហូតប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកអាណាចក្រ និងផ្នែកពុទ្ធចក្រ។

លោក ឥត សារ៉ាត់ និងលោក ទៀ សីហា បានបន្តថា ពិសេសជាងនេះ ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា ជំនះបានដោយជោគជ័យលើការប្រយុទ្ធប្រឆាំងទៅនឹងជំងឺឆ្លងជាសកលកូវីដ១៩ ដោយបានគិតគូរយកចិត្តទុកដាក់ផ្ដល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយឥតគិតថ្លៃ រហូតបើកប្រទេសឡើងវិញប្រកបដោយប្រសិទ្ធិភាព, ជោគជ័យដ៏ត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន, ជោគជ័យក្នុងការរៀបចំកម្មវិធីអង្គរសង្ក្រាន, ជោគជ័យជាប្រវត្តិសាស្រ្ត ក្នុងការធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងការប្រកួតកីឡាជនពិការ អូឡាំពិកអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលទើបបិទបញ្ចប់កាលពីពេលថ្មីៗកន្លងទៅនេះ ដែលបានធ្វើឱ្យពិភពលោកស្គាល់កាន់តែច្បាស់ពីកម្ពុជា។

លោក ឥត សារ៉ាត់ និងលោក ទៀ សីហា បន្ថែមថា សមិទ្ធផលទាំងនេះសុទ្ធតែបានមកពីផ្លែផ្កានៃកត្តាសុខសន្តិភាព របស់កម្ពុជា ដោយការយកជីវិតធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន និងសមាជិក សមាជិកាស្ថាបនិករបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ ដូច្នេះដើម្បីការពារសុខសន្តិភាព យើងទាំងអស់គ្នា ដែលជាស្ថាបនិក និងជាកូនចៅជំនាន់ក្រោយ នឹងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ ហើយប្តេជ្ញាចិត្តចូលរួមក្នុងការការពារសុខសន្តិភាព ឱ្យរឹងមាំស្ថិតស្ថេរជានិរន្ត។

លោក ឥត សារ៉ាត់ និងលោក ទៀ សីហា បានបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលនៅរួមសុខ រួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ គ្រប់ការលំបាក និងចេះជួយគ្នាគ្រប់គ្រាមានអាសន្ន, ផ្ដល់ការលើកស្ទួយសិទ្ធិ សេរីភាពប្រជាពលរដ្ឋ និងយុត្តិធម៌សង្គម, ការពារកម្មសិទ្ធិស្របច្បាប់ជូនប្រជាជន។

លោក ឥត សារ៉ាត់ និងលោក ទៀ សីហា បានសង្កត់ធ្ងន់ថា មានសន្តិភាព ទើបមានការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យ, មានគណបក្សប្រជាជនកម្ពុជា គឺមានសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមរឹងមាំ។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺការពារសន្តិភាព និងស្ថិរភាព។ ដូច្នេះចូរយើងទាំងអស់គ្នា រួមគ្នាថែរក្សាសន្តិភាព សាមគ្គីជាតិ និងការអភិវឌ្ឍ មិនឱ្យជនណាមកបំផ្លាញបានឡើយ។ បោះឆ្នោតជូនគណបក្សប្រជាជន ធានាការផ្តល់សេវាសាធារណៈជូនប្រជាជនប្រកបដោយគុណភាព និងការជឿទុកចិត្ត,បន្ត មិនយកពន្ធលើដីកសិកម្មរបស់កសិករដែលបង្កបង្កើនផលជាលក្ខណៈគ្រួសារ,បន្តដំឡើងបៀវត្សជូនមន្ត្រីរាជការ កងទ័ព និងនគរបាល និងដំឡើងប្រាក់សោធននិវត្ត,បន្តដំឡើងប្រាក់ឈ្នួល និងលើកកម្ពស់លក្ខខណ្ឌការងាររបស់កម្មករនិយោជិត និងបង្កើនជំនួយសង្គមជួយគ្រួសារក្រីក្រ និងងាយរងគ្រោះឱ្យមានលំនឹងក្នុងការរស់នៅ។

ទន្ទឹមនឹងនេះ យើងទាំងអស់គ្នា ក៏សូមគាំទ្រយ៉ាងពេញទំហឹងសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ នីតិកាលទី៧ និងអាណត្តិបន្តបន្ទាប់ ហើយគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

លោក ឥត សារ៉ាត់ និងលោក ទៀ សីហា ក៏បានអំពាវនាវដល់សមាជិក សមាជិការ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ទាំងអស់ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ សូមអញ្ជើញទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា ជូនគណបក្សប្រជាជនកម្ពុជា ដែលមាន លេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កាជា សម្គាល់ ដើម្បីគណបក្សបន្តដឹកនាំប្រទេស ក្នុងការកសាងស្ដារ និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើនរុងរឿងសម្បូរសប្បាយ។

លោក ឥត សារ៉ាត់ និងលោក ទៀ សីហា រួមនិងក្រុមការងារអញ្ជើញចុះសាកសួរសុខទុក្ខ និងពិនិត្យដោយផ្ទាល់សកម្មភាពនៃការបង្ហាត់បង្ហាញរបស់ក្រុមការងារដល់សមាជិក ក្នុងការគូសសន្លឹកឆ្នោតដែលមានលេខរៀងទី១៨ រូបទេវតាបាចផ្កា ពីប្រជាពលរដ្ឋដែលជាសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាមូលដ្ឋានសង្កាត់ស្លរក្រាមនៅតាមខ្នងផ្ទះ ដែលប្រកបទៅដោយទំនុកចិត្ត៕