(កណ្ដាល)៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣នេះ ដែលត្រូវនឹងថ្ងៃទី០៩ នៃយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត លោក លឹម គានហោ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ រួមជាមួយប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ បានអញ្ជើញជួបសំណេះសំណាល លើកទឹកចិត្ត រាំលេងកម្សាន្ដ និងផ្ញើសារជូនកម្មករ-កម្មការិនី បម្រើការងារនៅរោងចក្រកាត់ដេរក្នុងឃុំទាំង១១ របស់ស្រុកពញាឮ ចំនួនប្រមាណ ១១,០០០នាក់ នាបរិវេណភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ ខេត្តកណ្តាល។
ថ្លែងក្នុងពិធីជួបសំណេះសំណាល និងរាំលេងកម្សាន្ដនៅពេលនេះ លោក លឹម គានហោ បានលើកឡើងថា ការជួបជុំគ្នានេះ គឺធ្វើឡើងដើម្បីបង្កឱកាសជួបជុំ រាំលេងកម្សាន្ដ និងសួរសុខទុក្ខគ្នាទៅវិញទៅមក ក្នុងន័យបង្កើននូវភាពស្និទ្ធស្នាល ឲ្យកាន់តែស៊ីជម្រៅមួយកម្រិតថែមទៀត។
លោក លឹម គានហោ ក៏បានអំពាវនាវសូមឲ្យកម្មករ-កម្មការិនីទាំងអស់ អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ដែលគណបក្សប្រជាជនកម្ពុជា មានលេខរៀងទី១៨ ឲ្យបានគ្រប់ៗគ្នា៕