(ស្នួល-ក្រចេះ)៖ នៅថ្ងៃព្រឹកទី៨ ខែកក្កដា ឆ្នាំ២០២៣ នាវិមាន២ធ្នូ នៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ លោក ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីគ្រប់លំដាប់ថ្នាក់ និងសកម្មជនគណបក្សបានបន្តដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំឆ្ពោះទៅកាន់ការបោះឆ្នោតជាតិថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ ខាងមុខ។

ថ្លែងមតិទៅកាន់ពិធីមិទ្ទិញយុទ្ធនាការឃោសនាបោះឆ្នោត មានអ្នកចូលរួមប្រមាណជាង១ម៉ឺននាក់ដែលជាសកម្មជនគណបក្ស និងជាតំណាងប្រជាពលរដ្ឋតាមគ្រប់ខ្នងផ្ទះមកពីឃុំទាំង៦ក្នុងស្រុកស្នួល ខេត្តក្រចេះ លោក ព្រុំ សុខា ដែលជាបេក្ខជនលំដាប់លេខរៀងទី១របស់គណបក្សប្រជាជនកម្ពុជាសម្រាប់មណ្ឌលខេត្តក្រចេះ បានគូសបញ្ជាក់សង្កត់ធ្ងន់ថា «យើងជួបជុំគ្នាព្រឹកនេះ នៅទីនេះ ជាទឹកដីប្រវត្តិសាស្ត្រនៃវីរភាព គឺជាវីរភាពនៃពលីកម្មដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងការចូលរួមលះបង់ដ៏ធំធេងមហិមារបស់ប្រជាជនកម្ពុជា ដើម្បីបុព្វហេតុសន្តិភាព វឌ្ឍនភាព និងវិបុលភាពសម្រាប់មាតុភូមិនិងប្រជាជនកម្ពុជាតាំងពីដើមរៀងមកដល់បច្ចុប្បន្ន និងទៅអនាគតគ្រប់ជំនាន់ជាដរាបយូរអង្វែងតទៅ»

ថ្លែងមតិជាបន្តបន្ទាប់បំពេញបន្ថែមលើខ្លឹមសារនយោបាយរបស់លោក ព្រុំ សុខា ក្រុមការងារខេត្តក្រចេះ ដែលចាប់ផ្តើមដោយលោកសាស្ត្រាចារ្យបណ្ឌិត ធុយ ចាន់ធួន បានរំលឹកឡើងវិញ ពីប្រវត្តិសាស្ត្ររុងរឿងប្រកបដោយវីរភាពទឹកដីស្រុកស្នួល ទឹកដីខេត្តក្រចេះដើម្បីឆ្លុះបញ្ចាំងពី សារៈសំខាន់នៃសុខសន្តិភាព និងវឌ្ឍនភាព ដែលយើងមានសព្វថ្ងៃ ដោយសារមនុញ្ញផលនៃនយោបាយ ឈ្នះ ឈ្នះ និងការបញ្ចប់សង្គ្រាមរបស់សម្តេចតេជោហ៊ុន សែន ។ ហេតុនេះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧របស់រដ្ឋសភានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាការបោះឆ្នោតដើម្បីសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាព សម្រាប់កម្ពុជា និងមនុស្សគ្រប់ជំនាន់តរៀងទៅ។

បន្តមកលោកស្រី ប្រាក់ ចន្ថា អតីតអគ្គលេខាធិការរងគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាអតីតសមាជិកអចិន្ត្រៃយ៍គណបក្សខ្មែររួបរួមជាតិ បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងមុខងារសាធាណៈបានឡើងថ្លែងមតិបន្ថែមពីកេរ្តិ៍ដំណែលដ៏ថ្លៃថ្លារបស់មគ្គុទ្ទេសឯកសម្តេចតេជោ ហ៊ុន សែន ពោលគឺអ្វីៗទាំងអស់ដែលទឹកដីនិងប្រជាជនកម្ពុជាមាននៅថ្ងៃនេះគឺជាមរតកតេជោសន្តិភាព។ ដូច្នេះក្នុងការបោះឆ្នោតជាតិថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ លេខរៀងទី១៨របស់គណបក្សប្រជាជនកម្ពុជាលើសន្លឹកឆ្នោតប្រាកដជាទទួលបានការគាំទ្រដោយបេះដូងពីម្ចាស់ឆ្នោតគ្រប់ៗគ្នាជាក់ជាមិនខាន។

ដោយឡែកលោក សឿ សុភី អតីតសមាជិកគណៈកម្មាធិការនាយកគណបក្សភ្លើងទៀនខេត្តក្រចេះ ក៏បានឡើងថ្លែងមតិបំភ្លឺច្បាស់ពីមូលហេតុចម្បងដែលរូបលោកសម្រេចចិត្តផ្លាស់ប្តូរជំហរនយោបាយមករួមរស់ជាមួយគណបក្សប្រជាជន កម្ពុជាដែលថា «ទឹកត្រជាក់ត្រីកុំ» ដោយបានបន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋម្ចាស់ឆ្នោត ដែលធ្លាប់រួមការងារពីអតីតកាលឱ្យងាកមកគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាមគ្គុទេ្ទសក៍ជាតិដ៏អស្ចារ្យសម្រាប់សុខសន្តិភាព និងអនាគតរុងរឿងរបស់កូនចៅយើងគ្រប់ជំនាន់តរៀងទៅ។

ថ្លែងបញ្ចប់ពិធីយុទ្ធនាការបោះឆ្នោតទ្រង់ទ្រាយធំលើកនេះលោក ព្រុំ សុខា បានសំណូមពរដល់អ្នកចូលរួមទាំងអស់ត្រូវរួសរាន់នាំសារនយោបាយទៅជូបផ្ទាល់ជាមួយអ្នកបោះឆ្នោត តាមខ្នងផ្ទះពិសេសត្រូវឆ្លៀតបង្រៀនពួកគាត់ឱ្យចេះគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីរួមទប់ស្កាត់ និងកាច់បំបាក់ឱ្យបានទាន់ពេលវេលានូវឧបាយកលទុច្ចរិតរបស់ពួកអគតិជ្រុលនិយម ដែលប៉ុនប៉ងបំផ្លាញការបោះឆ្នោត និងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ចុងក្រោយលោក ព្រុំ សុខា សហការី និងក្រុមការងារក៏បានចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះនៅក្នុងភូមិ ឃុំមួយចំនួនរួមទាំងជួបជាមួយបងប្អូនអាជីវករផ្សារស្នួលដើម្បីបង្រៀនពីការគូសសន្លឹកឆ្នោតបោះឆ្នោតឱ្យបានត្រឹមត្រូវ៕