(ក្រចេះ)៖ នាយសង្កាត់រដ្ឋបាលជលផលសំបូរ និងជាប្រធានប៉ុស្តិ៍អភិរក្សសត្វផ្សោត លោក ឡេ សុខឡេង ដែលបានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២៥ ខែកក្កដា ដោយសារខ្យល់ព្យុះបោកពន្លិចទូក ពេលកំពុងជិះទូកល្បាត និងទប់ស្កាត់ការនេសាទល្មើសច្បាប់ នៅតាមដងទន្លេ ស្ថិតក្នុងចំណុចភូមិសណ្តាន់ ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ ត្រូវបានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យលោក ស្រួល សុខជា ទៅចូលរួមរំលែកមរណទុក្ខ និងនាំយកបច្ច័យចំនួន៥លានរៀល អង្ករ២០០គីឡូក្រាម និងគ្រឿងឧបភោគ-បរិភោគមួយចំនួនទៀត និងសម្រាប់ចូលបុណ្យ៧ថ្ងៃផងដែរ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ ។
លោក ស្រួល សុខជា បានថ្លែងផ្តាំផ្ញើនូវការចូលរួមរំលែកទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់ស្វាមី ឪពុក និងសាច់ញាតិជាទីស្រឡាញ់ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសព សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ភរិយារបស់សពលោក ឡេ សុខឡេង បានសំដែងនូវក្តីរំភើបឥតឧបមា និងអរគុណជាខ្លាំង ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគមួយចំនួន និងថវិកាចំនួន ៥លានរៀល សម្រាប់សម្រាលការលំបាក ក្នុងការចាត់ចែងរៀបចំបុណ្យ ៧ថ្ងៃ នៅពេលខាងមុខនេះ ដែលត្រូវនឹងថ្ងៃទី៣០ ខែកក្កដា។
គួរបញ្ជាក់ថា លោក ឡេ សុខឡេង ដែលបានស្លាប់បាត់បង់ជីវិត មានអាយុ៣២ឆ្នាំ ដែលមរណភាពរបស់លោក បានបន្សល់ទុកភរិយា និងកូនៗ២នាក់ ឲ្យរស់នៅដោយគ្មានទីពឹង៕