(កំពង់ធំ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំខួបលើកទី៦នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅទីតាំងតំបន់ប្រាសាទសំបូរព្រៃគុក នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣។
លោកស្រី ភឿង សកុណា បានបញ្ជាក់ថា តំបន់ប្រាសាទសំបូរព្រៃគុកត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកសម្រេចបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីអំឡុងកិច្ចប្រជុំលើកទី៤១ នៅទីក្រុងក្រាកូវ (Krakow) ប្រទេសប៉ូឡូញ នាថ្ងៃទី៨ ខែកក្តដា ឆ្នាំ២០១៧ គិតមកដល់ថ្ងៃនេះគឺជាគម្រប់ខួប៦ឆ្នាំ។
លោកស្រីបន្តថា ប្រាសាទនេះជារាជធានីបុរាណសម័យចេនឡា ដែលកាលពីសម័យនោះជាមជ្ឈមណ្ឌលនៃសាសនាឧទ្ទិសថ្វាយដល់សិវនិយម។ ក្រុមប្រាសាទនីមួយៗសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ជាដើម។
បើតាមប្រវត្តិសាស្ត្រសម័យចេនឡា ព្រះបាទឦសានវម៌្មទី១បានតាំងរាជធានីដំបូងនៅតំបន់ប្រាសាទសំបូរព្រៃគុកនេះ នាស.វ.ទី៧។ សិលាចារឹកជាភាសាសំស្ក្រឹត និងភាសាខ្មែរ រាជធានីនេះមានឈ្មោះថា «ឦសានបុរៈ» ជានាមរបស់ព្រះអង្គផ្ទាល់ អ្វីដែលសំខាន់នោះ។
ចំពោះការកសាងប្រាសាទគឺមានច្រើនដំណាក់កាល ដោយមានព្រះមហាក្សត្រច្រើនអង្គបានចាប់កសាង និងបន្តកសាងប្រាសាទជាបន្តបន្ទាប់ ពោលគឺចាប់ពីសតវត្សទី៧-១១ ក្នុងនោះមានប្រាសាទប្រមាណ៨០ប្រាសាទ។ ក្នុងចំណោមប្រាសាទនេះភាគច្រើនបានកសាងក្នុងរាជ្យស្ដេច៣អង្គ គឺព្រះបាទឦសានវម៌្មទី១ ព្រះបាទមហេន្រ្ទវម៌្ម និងព្រះបាទភវវម៌្មទី២ ក្រៅពីនេះមានព្រះបាទជយវម៌្មទី១ ព្រះមហាក្សត្រីជយទេវី (ចុងសម័យចេនឡា) ព្រះបាទជយវម៌្មទី២ ព្រះបាទឧទយាទិត្យវម៌្មទី២ (សម័យអង្គរ) ជាដើម ខណៈប្រាសាទទាំងនោះមានទម្រង់រចនាបថច្រើន ដូចជា រចនាបថសំបូរព្រៃគុក រចនាបថព្រៃក្មេង រចនាបថកំពង់ព្រះ រចនាបថគូលែន និងរចនាបថបាពួន។
សូមបញ្ជាក់ថា តំបន់ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចម្ងាយ២៥គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត៕