(កំពង់ឆ្នាំង)​៖ លោក គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣នេះ បានឧបត្ថម្ភថវិកាចំនួន៣លានរៀល ជួយដល់សាលាបឋមសិក្សាភូមិពាមខ្នង ស្ថិតនៅភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ដែលត្រូវការថវិកាប្រើប្រាស់សម្រាប់រំកិល និងលើកអគារសិក្សាដាក់លើជើងសសរឱ្យខ្ពស់ផុតពីទឹក។

ការប្រកាសឧបត្ថម្ភថវិកានេះធ្វើឡើងបន្ទាប់ពីការផ្សព្វផ្សាយអំពីការអំពាវនាវរបស់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាភូមិពាមខ្នង រួមទាំងអាណាព្យាបាលសិស្ស និងអាជ្ញាធរមូលដ្ឋាន ទៅកាន់សប្បុរសជន និងថ្នាក់ដឹកនាំជួយឧបត្ថម្ភថវិកាមួយចំនួន ​ដើម្បីយកមកឱ្យថ្លៃឈ្នួលជាងរំកិលអគារសិក្សាមួយខ្នង លើកដាក់លើជើងសរសរថ្មតម្កល់ឲ្យខ្ពស់ផុតពីទឹក ដើម្បីបង្កការងាយស្រួលដល់សិស្សតូចៗដែលមកសិក្សានារដូវវស្សាឆ្នាំនេះ ក៏ដូចជានៅឆ្នាំបន្តបន្ទាប់ទៀត។

លោក ហឿន ស៉ីថា ជានាយកសាលាបឋមសិក្សាពាមខ្នង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា សាលាបឋមសិក្សាពាមខ្នង មានសិស្សសរុបចំនួន២២៨នាក់ ស្រី១២០នាក់ មានលោកគ្រូអ្នកគ្រូចំនួន៦នាក់ ស្រី២នាក់ និងមានអគារសិក្សា២ខ្នងមាន៦បន្ទប់ សិស្សានុសិស្សត្រូវបែងចែកវេណសិក្សាមាន២វេណ គឺវេនព្រឹក និងវេនថ្ងៃ។

លោកគ្រូនាយកបានបញ្ជាក់ទៀតថា ដោយឡែកអគារសិក្សាមួយខ្នងដែលត្រូវរំកិលទៅក្រោយ នឹងលើកតម្កល់លើជើងសសរថ្មឲ្យខ្ពស់ផុតពីទឹក គឺមាន២បន្ទប់ ១បន្ទប់សម្រាប់លោកគ្រូអ្នកគ្រូស្នាក់នៅ និង១បន្ទប់ទៀត សម្រាប់សិស្សសិក្សាដែល១បន្ទប់នេះ ក៏មានចែកវេណសម្រាប់សិស្សសិក្សាជា២វេណផងដែរ។ ក្នុងនោះវេណពេលព្រឹកមានសិស្សថ្នាក់ទី១ ចូលសិក្សាមានចំនួនសិស្ស៨១នាក់ និងវេណពេលថ្ងៃមានសិស្សថ្នាក់ទី៣ មកសិក្សាក្នុងបន្ទប់អគារនេះមានចំនួន៣១នាក់។

លោក ឈួន ឈឿន មេភូមិពាមខ្នង ក៏បានឲ្យដឹងផងដែរថា ការអំពាវនាវសុំដល់សប្បុរសជន និងថ្នាក់ដឹកនាំឱ្យលោកជួយជាថវិកាខាងលើនេះ គឺសម្រាប់ឲ្យថ្លៃឈ្នួលជាងរំកិលអគារសិក្សាមួយខ្នងនេះ ដោយលើកដាក់លើជើងសសរថ្មឲ្យផុតពីទឹក ដែលជាងយកតម្លៃឈ្នួលចំនួន «២លាន៥០ម៉ឺនរៀល»។

តែដោយអាជ្ញាធរភូមិ និងលោកគ្រូអ្នកគ្រូមិនមានលទ្ធភាព ទើបពួកគាត់ទាំងអស់គ្នាក៏បានសម្រេចស្នើសុំរកការជួយឧបត្ថម្ភ តាមរយៈការផ្សព្វផ្សាយតាមបណ្ដាញសារព័ត៌មាន Fresh News ក្រែងមានសប្បុរសជន​ ឬថ្នាក់ដឹកនាំជួយឧបត្ថម្ភតាមសំណើរខាងលើនេះ ព្រោះខ្លាចក្រែងបន្តិចទៀតទឹកឡើងខ្លាំង ហើយជាងមិនអាចធ្វើកើត ចំណែកសិស្សតូចៗនឹងជួបការលំបាកក្នុងការឆ្លងទឹកមករៀនជាក់ជាមិនខានឡើយ ដោយសារតែនៅទីនេះក្នុងរដូវវស្សា គឺទឹកឡើងជនលិចជារៀងរាល់ឆ្នាំ៕