(កំពង់ធំ)៖ លោក សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររបស់គណបក្សចុះមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំសមាជិកបក្សចំនួន៣១៨នាក់ ដង្ហែក្បួនឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាលើកទី២ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅឃុំបន្ទាយស្ទោង។

លោក សោម ស៊ុន បានណែនាំដល់សមាជិកបក្សនៅមុនពេលចេញដំណើរដង្ហែក្បួនរកសំឡេងឆ្នោត ត្រូវរក្សានូវរបៀបរៀបរយគោរពឱ្យបាននូវក្រមសីលធម៌ និងច្បាប់បោះឆ្នោតព្រមទាំងគោរពវិន័យសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជន ដោយត្រូវគោរពឱ្យបានត្រឹមត្រូវនូវច្បាប់ចរាចរណ៍ក្នុងពេលធ្វើដំណើរ។

លោកបានអំពាវនាវដល់សមាជិកបក្សនិងប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមមេត្តាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញជូនប្រជាជនកម្ពុជា ព្រមទាំងបាននិងកំពុងដំណើរការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យបន្ថែមទៀត។

នៅក្នុងពិធីដង្ហែក្បួនឃោសនារកសំឡេងឆ្នោតជាលើកទី២នោះ ត្រូវបានប្រជាជននៅតាមដងផ្លូវ និងនៅតាមមូលដ្ឋានភូមិនានានៅទូទាំងឃុំអបអរសាទរស្វាគមន៍ និងសូមជូនពរសូមឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះជាថ្មីទៀត ដើម្បីជូនសម្ដេចតេជោ ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនបាននិងបន្តដឹកនាំនាវាកម្ពុជា ក្នុងសុខសន្តិភាព និងការអភិវឌ្ឍ៕