(កំពុងស្ពឺ)៖ លោក ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បានលើកឡើងថា «នរណាក៏ដោយឱ្យតែពាក់អាវគណបក្សប្រជាជនកម្ពុជា គឺមានភារកិច្ចជួយអ៊ំ ពូ មីងទាំងអស់គ្នា»

ការលើកឡើងបែបនេះ របស់លោក ហ៊ុន ម៉ានី បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតថ្ងៃទី៨ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣នេះ។

ជំនួបនាឱកាសនេះ បានប្រព្រឹត្តទៅនៅក្នុងឃុំព្រៃក្រសាំង និងឃុំជម្ពូព្រឹក្ស ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីសមាជិក សមាជិកា ក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាប្រមាណ ៩០០នាក់។

ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានរំឭកនូវអានុស្សាវរីយ៍នៃការចាប់ផ្ដើមការងារលើទឹកដីកំពង់ស្ពឺកាលពី១០ឆ្នាំមុន។

ទន្ទឹមនឹងនេះ លោកបានកត់សម្គាល់ពីការរីកចម្រើនក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺនាពេលបច្ចុប្បន្ន ដែលរួមមានផ្លូវថ្នល់ ប្រឡាយទឹក សាលារៀន និងរោចក្រនានាកើនឡើងជាបន្តបន្ទាប់។

ចំណុចនេះ លោកបានគូសរំលេចថា អ្វីទាំងអស់នេះនៅពុំទាន់គ្រប់គ្រាន់នៅឡើយទេ ប៉ុន្តែបើប្រៀបធៀបទៅនឹងកាលពី១០ឆ្នាំមុន គឺលោកតា លោកយាយ បងប្អូនអាចសង្កេតឃើញការប្រែប្រួលទាំងហេដ្ឋារចនាសម្ព័ន្ធ កម្រិតនៃជីវភាពរស់នៅប្រចាំថ្ងៃ និងការវិនិយោគដែលផ្ដល់ឱកាសការងារជាច្រើនដល់បងប្អូនប្រជាពលរដ្ឋ។

លោក ហ៊ុន ម៉ានី បានបន្តថា ទាំងនេះមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែគឺជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលផ្ដល់ការយកចិត្តទុកដាក់លើជីវភាពរបស់ប្រជាជន ជាពិសេសបងប្អូន កម្មករ កម្មការនី។

លោកបានបញ្ជាក់ថា ការណ៍ដែលវិនិយោគិនចូលមកបណ្ដាក់ទុននៅកម្ពុជា គឺដោយសារការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល រួមទាំងបរិយាកាសវិនិយោគនៅកម្ពុជាយើង ក្រោមការដឹកនាំរបស់គណបក្សប្រជាជន ដែលខិតខំប្រឹងប្រែងជាប្រចាំ ក្នុងការផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ។

លោកក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំព្រៃក្រសាំង និងឃុំជម្ពូព្រឹក្ស ដែលបានចូលរួមចំណែកយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដោយចូលរួមចំណែកក្នុងការអភិវឌ្ឍក្នុងមូលដ្ឋានឃុំទាំងពីរ។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនៅឃុំនេះ ក៏ដូចជាក្រុមគ្រួសារគណបក្សប្រជាជនទាំងអស់ ដែលតែងតែស្រឡាញ់ពេញចិត្ត និងគាំទ្រ គណបក្សប្រជាជនកម្ពុជាយ៉ាងស្មោះស្ម័គ្ររហូតដល់បច្ចុប្បន្ន និងសូមបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខគ្រប់ៗគ្នា៕