(កំពង់ឆ្នាំង)៖ សមាគមទូកមាសកង្រី បានរៀបចំយុទ្ធនាការដាំកូនឈើ ៥,០០០ដើម ជាប្រភេទឈើប្រណិតរួមមាន៖ ឈើបេងចំនួន ១,៤៣០ដើម គ្រញូងចំនួន ១,៤៥០ដើម គគីរចំនួន ១,២៥០ដើម ឈើទាលចំនួន៨៧០ដើម ក្នុងតំបន់អភិរក្សសត្វនិងព្រៃឈើទូកមាសកង្រី ក្នុងភូមិសាស្រ្តឃុំចំណូក និងឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងបំផុសឡើងនូវស្មារតីរួមគ្នាការពារបរិស្ថាន និងសង្គ្រោះភពផែនដី។
ពិធីនេះមានការចូលរួមពីអ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ ប្រធានមូលនិធិ អុឹង ហ្វោនដេហ្ស៊ិន, លោកស្រី ហេង សុខា និងក្រុមគ្រួសារ តំណាងមន្ទីរបរិស្ថាន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង រដ្ឋបាលព្រៃឈើ ក្រុមប្រឹក្សាស្រុកកំពង់លែង, លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង, លោក គឹម យឿម ប្រធានសមាគមទូកមាសកង្រី, ប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន កំពង់លែង តំណាងក្រុមហ៊ុន ដូនពេញ ខេមបូឌា គ្រុប, ក្រុមហ៊ុន អាយអិនជី ហូលឌីង, ក្រុមហ៊ុន ដូនពេញ ត្រេដឌីង, ធនាគារឯកទេស ដូនពេញ, ក្រុមហ៊ុន ធានារ៉ាប់រង ភីភល & ផាតនើ អ៉ិនសួរេន, ក្រុមហ៊ុន ដូនពេញ ព្រីខាស ផ្លេន និងក្រុមហ៊ុន អ៉ី & អេ ខនសាល់ធេន ដែលបានចូលរួមសហការឧបត្ថម្ភក្នុងយុទ្ធការនេះ សរុបប្រមាណ៤០០នាក់ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣។
លោក អុឹង ស៊ីវម៉េង តំណាងអ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ បានថ្លែងថា នេះជាឆ្នាំទី២ហើយ ដែលបានរៀបចំពិធីនេះឡើងដោយឆ្នាំមុនបានរួមគ្នាដាំកូនឈើជាង ៤០០០ដើម នៅក្នុងតំបន់នេះ ព្រោះយើងទាំងអស់គ្នាយល់ឃើញថាជាកិច្ចការដ៏សំខាន់ ហើយការងារបរិស្ថានជាកិច្ចការសកលមានលក្ខណៈពហុវិស័យដែលត្រូវបានពិភពលោកបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការរួមគ្នាថែរក្សា ការពារ និងស្វែងរកវិធានការដោះស្រាយបញ្ហាប្រឈម ដើម្បីធានាបាននូវគុណភាពបរិស្ថាន តុល្យភាពនៃប្រព័ន្ធអេកូឡូស៊ី និងសុវត្ថិភាពភពផែនដីទាំងមូល។
លោក អុឹង ស៊ីវម៉េង បានបន្តថា ស្របពេលប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ កំណើនប្រជាជននៅតាមទីប្រជុំជន និងសកម្មភាព អភិវឌ្ឍន៍ក៏មានការកើនឡើងយ៉ាងឆាប់រហ័ស ដែលអាចប្រឈមនិងការបង្កឱ្យមានផលប៉ះពាល់អវិជ្ជមាន ដល់គុណភាពបរិស្ថាន តុល្យភាពនៃប្រព័ន្ធអេកូឡូស៊ី សុខភាពទីក្រុង និងសុខមាលភាពសង្គម។ ទន្ទឹមនឹងនេះ ការប្រែប្រួលអាកាសធាតុបានជះឥទ្ធិពលអវិជ្ជមានដល់គ្រប់សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ផងដែរ ដែលទាមទារអោយយើងទាំងអស់គ្នាត្រូវបន្តសហការគ្នាឱ្យបានជិតស្និទ្ធក្នុងការស្វែងរកវិធានការឆ្លើយតបឲ្យបានសមស្របនិងទាន់ពេលវេលា។
ដើម្បីឆ្លើយតបទៅនឹងកិច្ចការដ៏មានសារៈសំខាន់នេះ ក្រោមគំនិតផ្ដួចផ្ដើមនិងចក្ខុវិស័យវែងឆ្ងាយនិងប្រកបដោយចិត្តសប្បុរសរបស់អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ មូលនិធិ អុឹង ហ្វោនដេហ្ស៊ិន ត្រូវបានបង្កើតដែលជាមូលនិធិមិនរកប្រាក់ចំណេញ ដោយអ្នកឧកញ៉ាបានប្រើប្រាស់នូវធនធានផ្ទាល់ខ្លួនក្នុងការជួយបងប្អូនប្រជាពលរដ្ឋដែលជួបការខ្វះខាត ក៏ដូចជាកសាងសាលារៀន មន្ទីរពេទ្យ និងវត្តអារាមជាដើម។ល។
ក្នុងគោលបំណងថែទាំ ការពារ និងអភិរក្ស សត្វព្រៃ និងព្រៃឈើ សមាគមថ្មីមួយត្រូវបានបង្កើតឡើងក្រោមការឧបត្ថម្ភពីមូលនិធិ អុឹង ហ្វោនដេហ្ស៊ិន ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលដែលមានក្រសួងបរិស្ថាន ជាសេនាធិការ សហការអភិរក្សសត្វព្រៃ និងព្រៃឈើនៅក្នុងតំបន់ភ្នំទូកមាសនេះ។
ថ្លែងក្នុងយុទ្ធនាការនេះដែរ លោក អុឹង ស៊ីវម៉េង បានអំពាវនាវសូមឱ្យប្រជាពលរដ្ឋ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ មេត្តាបន្តចូលរួមសហការទាំងអស់គ្នាដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ និងការជួញដូរសត្វព្រៃផ្សេងៗក្នុងតំបន់សហគមន៍នេះ។
បើតាមអភិបាលស្រុកកំពង់លែង បានលើកឡើងថា ក្នុងនាមជាអាជ្ញាធរពិតជាសាទរ និងរីករាយក្នុងការចូលរួមសកម្មភាពអភិរក្សសត្វព្រៃនិងព្រៃឈើនៅក្នុងតំបន់នេះ ដែលអ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ តែងចំណាយពេលវេលា និងថវិកាផ្ទាល់ខ្លួន មកថែរក្សាការពារដាំកូនឈើបន្ថែម និងការទទួលយកសត្វព្រៃពីប្រជាពលរដ្ឋមកដាក់នៅតំបន់នេះ។
លោកបានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាពិសេសប្រជាពលរដ្ឋរួមគ្នាថែរក្សា អភិរក្សសត្វព្រៃ និងព្រៃឈើនៅក្នុងតំបន់នេះឱ្យបានគង់វង្ស។
សមាគមទូកមាសកង្រី ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃលេខ ២៥១២ ប្រក ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ដែលមានទីស្នាក់ការកណ្ដាលនៅភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
សមាគមនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណង៖
១៖ ប្រមូលផ្តុំអ្នកជំនាញវិជ្ជាជីវៈផ្នែកបរិស្ថាន ការអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ សហការជាមួយដៃគូឯកជន សប្បុរសជន ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងដៃគូពាក់ព័ន្ធដែលមានចក្ខុវិស័យស្របគ្នា ដើម្បីរួមគ្នាថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិ នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង «ភ្នំនាងកង្រី-ភ្នំទូកមាស» ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង៕