(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី២៧ ខែកក្កដានេះ បន្ទាប់ពីបានជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានមកតាំងទីលំនៅថ្មី នៅក្នុងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង រួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញបន្តដំណើរមកពិនិត្យមើលការដ្ឋានសាងសង់ ទំនប់វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលកំពុងសាងសង់យ៉ាងមមារញឹក។
បើយោងតាមការផ្សាយរបស់ Facebook បានឲ្យដឹងថា ការសាងសង់ទំបន់វារីអគ្គិសនីសេសានក្រោម២ សម្រាប់ដំណាក់កាលទី១ អាចនឹងបញ្ចប់នៅ ខែតុលា ២០១៧ ខាងមុខ ដែលអាចដាក់ឲ្យដំណើរការបាន ប្រមាណ 50MW ហើយដំណាក់កាលទី២ អាចនឹងបញ្ចប់នៅឆ្នាំ ២០១៨ ដែលមានសមត្ថភាព អាចផលិតថាមពលអគ្គិសនីបាន 400MW។ វារីអគ្គិសនីនេះ សាងសង់ដោយក្រុមហ៊ុនចម្រុះ HYDRO POWER LOWER SESAN 2 CO. Ltd (ដែលមានក្រុមហ៊ុន Royal Group និង ក្រុមហ៊ុនចិន Hydrolancang)។
វារីអគ្គិសនីនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យធ្វើការសិក្សា ពីលទ្ធភាពគម្រោងនៅ ឆ្នាំ ២០០៧ និងបានចុះហត្ថលេខាកិច្ចព្រមព្រៀងវិនិយោគសាងសង់នៅឆ្នាំ ២០១២។
គម្រោងអភិវឌ្ឍន៍ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ ជាប្រភេទគម្រោងសាងសង់អាជីវកម្ម និងផ្ទេរ (BOT) មានរយៈពេល៤០ឆ្នាំ គិតចាប់ផ្តើមតាំងពីដំណើរការធ្វើអាជីវកម្ម និងត្រូវបញ្ជូនអគ្គិសនីពីអនុស្ថានីយ៍ សេសានតង់ស្យុង ២៣០ គីឡូវ៉ុលទៅ ស្ថានីយ៍ ស្ទឹងត្រែងចម្ងាយ៣៦គីឡូម៉ែត្រ ហើយបញ្ជូនបន្តទៅកាន់រាជធានីភ្នំពេញ តាមរយៈបណ្តាញជាតិបញ្ជូនអគ្គីសនី ស្ទឹងត្រែង-ក្រចេះ-កំពង់ចាម-ភ្នំពេញ ។
គម្រោងអភិវឌ្ឍន៍វារីអគ្គិសនីនេះ ជាគំរោងធំជាងគេបំផុតនៅកម្ពុជានាពេលបច្ចុប្បន្ន ហើយថាមពលពីវារីអគ្គិសនីនេះ នឹងជួយបន្ថែមវិសាលភាព ដល់បណ្តាញជាតិ ជាពិសេសគឺជាមូលដ្ឋានដ៏ចំបង ក្នុងការបញ្ចុះថ្លៃអគ្គិសនីនាពេលអនាគត។ នៅពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងសម្បូរភ្លើងប្រើប្រាស់ហើយ។ នេះគឺជាការខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃរបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលតែងតែគិតគូរដល់ប្រទេសជាតិ៕