(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ លោក សួស យ៉ារ៉ា ប្រធានកិត្តិយសគណបក្សប្រជាជនស្រុកកំពង់ស្វាយ នាថ្ងៃទី៨ ខែកក្តដា ឆ្នាំ២០២៣ បានដឹកនាំសមាជិក សមាជិកាចំនួន១,១៨៣នាក់ ដង្ហែក្បួនធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលមានឃុំចំនួន៩ចូលរួមនៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោកស្រី ឃួន ឃុនឌី បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា មានទស្សនវិស័យខ្ពស់ និងការវាយតម្លៃសភាពការណ៍ច្បាស់លាស់ដោយហ៊ានធ្វើការអារកាត់សម្រេចចិត្តបានត្រឹមត្រូវ ច្បាស់លាស់ និងទាន់ពេលវេលា សំខាន់បំផុតគឺការគិតគូរសុខទុក្ខកាលលំបាករបស់ប្រជាពលរដ្ឋ ហើយសម្ដេចគឺជាមេដឹកនាំដែលមិនរត់ចោលប្រជាជននៅជាមួយប្រជាជនដែលមិនមានថ្នាក់ដឹកនាំណាអាចធ្វើបានឡើយ ដូច្នេះហើយយើងជឿជាក់លើថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា យើងជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា យើងប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានន័យថាយើងបោះឆ្នោតជូនសម្ដេចតេជោ ក៏ដូចយើងបោះឆ្នោតឲ្យខ្លួនឯង នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលមានលេខរៀងទី១៨ ជាសម្គាល់។

លោក សួស យ៉ារ៉ា បានលើកឡើងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ប្រទេសជាតិរស់នៅក្រោមដំបូលសន្តិភាព ប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យដូចអ្វីដែលបងប្អូនឃើញស្រាប់ហើយរយៈពេល៤០ឆ្នាំនេះ គណបក្សប្រជាជនកម្ពុជាបានខិតខំពុះពារគ្រប់កាលៈទេសៈខិតខំដោះស្រាយបញ្ហា ការស្ដារឡើងវិញនៅហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យការថែរក្សាបាននៅស្ថេរភាពនយោបាយការបង្រួបបង្រួមជាតិដែលមានខ្មែរតែមួយគត់ ព្រមទាំងឆ្លងកាត់នូវការលំបាកគ្រប់ឧបសគ្គទាំងអស់មិនថាបញ្ហានោះស្មុគស្មាញឬលំបាកកម្រិតណានោះទេគឺគណបក្សប្រជាជនកម្ពុជាស្ថិតនៅរួមសុខរួមទុក្ខជាមួយបងប្អូនដោយមិនរត់ចោលបងប្អូនទាំងអស់គ្នាឡើយ។

សូមបញ្ជាក់ថា សមាជិកសមាជិកាគណបក្សប្រជាជនទាំងអស់បានអបអរសាទរ ព្រមទាំងប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គ្រប់ៗគ្នា៕