(បាត់ដំបង)៖ លោក ឡេង ប៉េងឡុង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់អូរម៉ាល់ និងក្រុមការងារទាំង១០ភូមិក្នុងសង្កាត់អូរម៉ាល់ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៅក្នុងភូមិសាស្រ្តសង្កាត់អូរម៉ាល់ ដែលមានសមាជិកសមាជិកាគណបក្សចូលរួមប្រមាណជាង ៣០០នាក់។
នាក្នុងឱកាសនោះ លោក ឡេង ប៉េងឡុង បានថ្លែងផ្សព្វផ្សាយនូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ជូនសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋក្នុងសង្កាត់អូរម៉ាល់ ពីការអភិវឌ្ឍប្រទេសជាតិ ដែលនាំមកនូវសុខសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាពិសេសបានបង្ហាញពីសមិទ្ធផលជាច្រេីនទៀតផងដែរ។
លោកប្រធានក្រុមការងារក៏បានអំពាវនាវដល់សមាជិកគណបក្សប្រជាជនកម្ពុជា រួមជាមួយបងប្អូនប្រជាពលរដ្ឋ សូមអញ្ជេីញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ ឱ្យបានគ្រប់គ្នា ដេីម្បីទទួលបាននូវសុខសន្តិភាព សេរីភាព និងការអភិវឌ្ឍក្នុងសង្គមជាតិ ដូចសព្វថ្ងៃនេះបន្តទៀត៕