(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកសំពៅលូន ស្រុកភ្នំព្រឹក, ស្រុកកំរៀង ខេត្តបាត់ដំបង។

សម្ដេចក្រឡាហោម ស ខេង ក្នុងនាមអនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស និងសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងជាបេក្ខជននាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សព្រមទាំងប្រជាពលរដ្ឋនៅស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង ដែលមានភក្ដីភាពជឿជាក់គាំទ្រឥតងាករេមកលើគណបក្សប្រជាជនកម្ពុជា ទាំងការបោះឆ្នោតឆ្នាំ២០២២ និង
កន្លងៗមក ព្រមទាំងបានអញ្ជើញចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងមហោឡារិក។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង និយាយជារួម និងនិយាយដោយឡែកក្នុងស្រុកសំពៅលូន, ស្រុកភ្នំព្រឹក,ស្រុកកំរៀង ដែលបានគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ស្ថេរភាពនយោបាយ ការ
ពាររបបរាជានិយម ធានាបានលំនឹងសេដ្ឋកិច្ច ពិសេសគ្រប់គ្រង បង្ការទប់ស្កាត់បានប្រកបដោយប្រសិទ្ធិភាពជំងឺកូវីដ១៩ និងចូលរួមគាំទ្រការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រ ឆ្នាំ២០២៣នេះ។

សម្ដេចក៏បានអំពាវនាវសមាជិក សមាជិកាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងជារួមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ឱ្យបានគ្រប់ៗគ្នា៕