(ព្រៃឈរ-កំពង់ចាម)៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២៣នេះ លោក អ៊ុក ប្រជា បេក្ខជនតំណាងរាស្រ្តមណ្ឌល ខេត្តកំពង់ចាម ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានដឹកនាំសហការី និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ឃុំត្រពាំងព្រះ ចូលរួមពិធីដង្ហែរក្បួនលើកទី២ ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ជ្រេីសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ទូទាំង២៤ភូមិ ក្នុងឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
លោក អ៊ុក ប្រជា បានថ្លែងជម្រាបជូនសមាជិក សមាជិកាគណបក្ស អំពីការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ ប្រជាពលរដ្ឋទទួលបានសេវាសាធារណៈឆាប់រហ័ស និងមានគុណភាព ទទួលបានសាលារៀន មន្ទីរពេទ្យ និងសេវាព្យាបាលមានគុណភាព ធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុង មូលដ្ឋាន។ បន្ទាប់មក លោក អ៊ុក ប្រជា និងក្រុមការងារបានរៀបចំ និងចូលរួមទទួលទានអាហារសាមគ្គីជាមួយសមាជិកបក្សដែលបានដង្ហែរក្បួនផងដែរ។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា នៅថ្ងៃទី ២៣ ខែ កក្កដា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» និងស្ថិតនៅលេខរៀងទី១៨ លើសន្លឹកឆ្នោត គឺដើម្បីខ្លួនឯង ដើម្បីសន្តិភាព ការអភិវឌ្ឍន៍ និង អនាគតកូនចៅជំនាន់ក្រោយ៕