(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៣ នេះ នៅសាលប្រជុំសួនក្រញូង ក្នុងសង្កាត់សំបូរមាស ក្រុងកំពង់ចាម បានអញ្ជើញសំណេះសំណាលជាមួយ សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាក្នុងក្រុងកំពង់ចាម ប្រមាណជាង ១,០០០ នាក់ នឹងធ្វើការពន្យល់ ឲ្យសមាជិក សមាជិកាទាំងអស់ ឲ្យចេះគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវផងដែរ ។

ថ្លែងទៅកាន់សមាជិក សមាជិកា ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងជាប្រទេសដែលប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

លោក អ៊ុន ចាន់ដា បានបន្តថា រយៈកាលជាង ៤៤ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានខិតខំថែរក្សា និងការពារសុខសន្តិភាព ដែលរកបានមកយ៉ាងលំបាក ហើយបានបន្តជំរុញការអភិវឌ្ឍប្រទេសជាតិ គិតគូរអំពីសុខទុក្ខ និងសុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការផ្តល់នូវជំនួយផ្នែកគាំពារសង្គម។ ជាក់ស្តែងនៅក្នុងខេត្តកំពង់ចាម តាមមូលដ្ឋានឃុំ សង្កាត់ ដែលពីមុនពុំធ្លាប់មានសោះឥឡូវមាន ផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាព ប្រព័ន្ធ ទឹក ភ្លើង ផ្លូវល្បឿនលឿន តំបន់សេដ្ឋកិច្ចពិសេស រោងចក្រ សហគ្រាស និងសមិទ្ធផលនានាជាច្រើនទៀត ដែលបម្រើឱ្យផលប្រយោជន៍ ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ទទាំងអស់សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ពិសេស គឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» មានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត និងសូមគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោតស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសម្លេង៕