(រតនគិរី)៖ ការរកឃើញដ៏រំភើបរីករាយនាពេលថ្មីៗនេះ ក្នុងឆ្នាំ២០២៣! អង្គការសត្វព្រៃ និងរុក្ខជាតិ ក្នុងកិច្ចសហការជាមួយនាយកដ្ឋានអភិរក្សតំបន់ការពារដីគោកខាងកើតទន្លេមេគង្គនៃក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្តរតនគិរី និងស្ទឹងត្រែង បានចុះសិក្សាស្រាវជ្រាវជីវៈចម្រុះក្នុងឧទ្យានជាតិវីរៈជ័យ នៃប្រទេសកម្ពុជា តាមរយៈដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិជាខ្សែវីដេអូ នៅតំបន់ព្រៃជ្រៅដាច់ស្រយាលក្នុងឧទ្យានជាតិនេះ ដោយថតបានវត្តមានសត្វឈ្លូសយក្ស ដែលជាប្រភេទសត្វជិតផុតពូជបំផុតនៅលើពិភពលោក និងថតបានប្រភេទសត្វនេះជាច្រើនក្បាល។

ការរកឃើញនាពេលថ្មីៗនេះបានបញ្ជាក់ពីសារសំខាន់នៃឧទ្យានជាតិវីរៈជ័យ សម្រាប់សត្វដែលជិតផុតពូជបំផុតប្រភេទនេះ។

ការសិក្សាស្រាវជ្រាវកន្លងមករបស់អង្គការសត្វព្រៃ និងរុក្ខជាតិជាមួយក្រសួងបរិស្ថាន ក្នុងឆ្នាំ២០២១ បានរកឃើញនូវវត្តមានឈ្លូសយក្សញីជាមួយកូននៅក្នុងឧទ្យានជាតិវីរៈជ័យ ដែលបានបង្ហាញថាប្រភេទសត្វនេះបានបន្តពូជនៅក្នុងតំបន់នេះ។

ការរកឃើញបន្ថែមទៀតនូវវត្តមានប្រភេទសត្វនេះ គឺបានបញ្ជាក់យ៉ាងច្បាស់ថាប្រភេទសត្វដ៏កម្រនេះកំពុងតែរស់នៅក្នុងតំបន់ឧទ្យានជាតិនេះ។ តែទោះបីជាយ៉ាងណា ប្រភេទសត្វឈ្លូសយក្សបាននិងកំពុងប្រឈមនឹងហានិភ័យនៃការផុតពូជពីធម្មជាតិ ដោយសារកត្តាគំរាមកំហែងពីការបរបាញ់ និងការដាក់អន្ទាក់។

ដូចនេះ ដើម្បីការពារសត្វឈ្លូសយក្សឲ្យបានគង់វង្ស យើងចាំបាច់ត្រូវការព័ត៌មានទិន្នន័យទាំងអស់នេះ ក្នុងការរៀបចំផែនការអភិរក្សជាក់ស្តែងជាបន្ទាន់ ដើម្បីការពារទីជម្រកចុងក្រោយសម្រាប់ប្រភេទសត្វដ៏កម្រមួយនេះ៕