(ភ្នំពេញ)៖ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៤៩ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ រយៈពេល៤ថ្ងៃ (២៣-២៤ កក្កដា) បានបិទបញ្ចប់ហើយ ដោយទទួលបានលទ្ធផលផ្លែផ្កាជាច្រើនសម្រាប់ប្រទេសសមាជិកអាស៊ាន ក៏ដូចជាប្រទេសជាដៃគូផ្សេងៗទៀត។
លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស បានដឹកនាំគណៈប្រតិភូត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ។
យោងតាមលទ្ធផល ដែលប្រកាសដោយក្រសួងការបរទេសកម្ពុជា នៅរសៀលថ្ងៃនេះ បានឲ្យដឹងថា កិច្ចប្រជុំនៅក្នុងប្រទេសឡាវមានចំនួន២២ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានចំនួន៣ កិច្ចប្រជុំជាមួយដៃគូសន្ទនាចំនួន ១៤ និងកិច្ចប្រជុំអនុតំបន់ចំនួន៥។
ប្រភពបន្តថា នៅក្នុងកិច្ចប្រជុំលើកទី៤៩នេះ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានពិភាក្សាគ្នាប្រកបដោយផ្លែផ្កាលើបញ្ហានយោបាយ សន្តិសុខ និងសហប្រតិបត្តិការអភិវឌ្ឍន៍សំខាន់ៗ ទាំងរវាងប្រទេសសមាជិកអាស៊ាន ទាំងរវាងអាស៊ាន និងដៃគូនានា។ កិច្ចប្រជុំ បានអះអាងជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចប្រឹងប្រែងរបស់សហគមន៍អាស៊ាន តាមរយៈការអនុវត្តន៍ដោយ មានប្រសិទ្ធភាពនូវចក្ចុវិស័យសហគមន៍អាស៊ាន២០២៥ និងតាមរយៈផែនការការងារសហគមន៍ទាំង៣ ឆ្នាំ២០២៥ ដើម្បីរួមចំណែកក្នុងការថែរក្សា និងលើកស្ទួយសន្តិភាព ស្ថេរភាព និងវិបុលភាពក្នុងតំបន់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឲ្យដឹងថា ក្រៅពីការប្រជុំរដ្ឋមន្រ្តីកាបរទេសអាស៊ានលើកទី៤៩ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានចូលរួមកិច្ចប្រជុំពាក់ព័ន្ធ និងជួបសំណេះសំណាលការងារទ្វេភាគីជាមួយបណ្តាប្រទេសជាមិត្តជាច្រើនផ្សេងទៀត។
ខាងក្រោមជាលទ្ធផលទាំងស្រុង នៃកិច្ចប្រជុំនៅក្នុងប្រទេសឡាវ ៤ថ្ងៃកន្លងទៅនេះ៖