(ភ្នំពេញ)៖ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣​ នៅស្នាក់ការបក្សសង្កាត់កោះដាច់​ លោក​ ឃ្លាំង​ ហួត​ អនុប្រធានទី១​ ក្រុមការងារចុះជួយមូលដ្ឋានខណ្ឌជ្រោយចង្វារ​ និងលោកស្រី រួមជាមួយក្រុមការងារ​ ចូលរួមពិធីសំណេះសំណាល​ និងបង្រៀនសមាជិកបក្ស ប្រមាណ៣០០នាក់​ គូសសន្លឹកឆ្នោត​ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស​ ហើយជំរុញឱ្យសមាជិកទាំងអស់ទៅចូលរួមបោះឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជា​ នាថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០២៣ខាងមុខ​។

លោក ឃ្លាំង ហួត បានជំរុញឱ្យសមាជិកទាំងអស់ ដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រូវទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ឱ្យបានគ្រប់ៗគ្នា ព្រោះការបោះឆ្នោតនេះ មានសារៈសំខាន់ណាស់ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលពេញចិត្ត ដែលជួយថែរក្សាសុខសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពរីកចម្រើនបន្តទៀត។

លោក ឃ្លាំង ហួត បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍ លើគ្រប់វិស័យ ព្រមទាំងជាប្រទេសដែលប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

លោក​បានបន្តថា រយៈកាលជាង ៤៤ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានខិតខំថែរក្សា និងការពារសុខសន្តិភាព ដែលរកបានមកយ៉ាងលំបាក ហើយបានបន្តជំរុញការអភិវឌ្ឍប្រទេសជាតិ គិតគូរអំពីសុខទុក្ខ និងសុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការផ្តល់នូវជំនួយផ្នែកគាំពារសង្គម។

លោក ឃ្លាំង ​ហួត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ដែលមានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានសិទ្ធបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត ស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសម្លេង និងបានចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ៕