(កណ្តាល)៖ លោក គង់ វិបុល ប្រធានគណៈកម្មាធិការបក្សមូលដ្ឋាន អគ្គនាយកដ្ឋានពន្ធដារ និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកល្វាឯម បានលើកឡើងថា ការអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជន នៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ មានន័យថា ស្រឡាញ់គណបក្សប្រជាជន ស្រឡាញ់សម្តេចតេជោ ហ៊ុន សែន ស្រឡាញ់សុខសន្តិភាព និងការអភិវឌ្ឍ។

ការលើកឡើងរបស់លោក គង់ វិបុល ធ្វើឡើងក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជានៅឃុំព្រែករៃ និងឃុំភូមិធំ ស្រុកល្វាឯម ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ដែលមានសមាជិក សមាជិកាចូលរួមសរុបប្រមាណ ២០០នាក់។

លោក គង់ វិបុល បានមានមតិសំណេះសំណាល និងលើកឡើងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកល្វាឯម គឺជាសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជា ដូច្នេះយើងត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍតទៅទៀត។

លោកបានបន្តទៀតថា នៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ គឺជាថ្ងៃដែលបងប្អូនសម្រេចនូវជោគវាសនាប្រទេសជាតិដោយខ្លួនឯង បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឱ្យខ្លួនឯងឈ្នះ។

ក្នុងឱកាសនោះលោក គង់ វិបុល រួមជាមួយសមាជិក សមាជិកា បានប្រកាសប្ដេជ្ញាបោះឆ្នោតគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

បន្ទាប់ពីបញ្ចប់ពិធីនោះដែរ លោក គង់ វិបុល ក៏បានចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សដែលប្រចាំការតាមមណ្ឌលនៃឃុំទាំង២ ក្នុងបរិយាកាសរីករាយ និងស្និតស្នាល៕