(កំពង់ឆ្នាំង)៖ សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាភូមិពាមខ្នង ក្នុងភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង រួមនិងអាណាព្យាបាលសិស្ស និងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣នេះ បានស្នើសុំដល់សប្បុរសជន និងថ្នាក់ដឹកនាំជួយឧបត្ថម្ភថវិកាមួយចំនួនដើម្បីយកមកឱ្យថ្លៃឈ្នួលជាងរំកិលអគារសិក្សាមួយខ្នង លើកដាក់លើជើងសរសរថ្មតម្កល់ឲ្យខ្ពស់ផុតពីទឹកដើម្បីបង្កការងាយស្រួលដល់សិស្សតូចៗ ដែលមកសិក្សានារដូវវស្សាឆ្នាំនេះ ក៏ដូចជានៅឆ្នាំបន្តបន្ទាប់ទៀត។
លោក ហឿន ស៉ីថា ជានាយកសាលាបឋមសិក្សាពាមខ្នង ស្ថិតក្នុងភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែងបានប្រាប់ បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា សាលាបឋមសិក្សាពាមខ្នង មានសិស្សសរុបចំនួន២២៨នាក់ ស្រី១២០នាក់ មានលោកគ្រូអ្នកគ្រូចំនួន៦នាក់ ស្រី២នាក់ និងមានអគារសិក្សា២ខ្នងមាន៦បន្ទប់ សិស្សានុសិស្សត្រូវបែងចែកវេណសិក្សាមាន២វេណ គឺវេនព្រឹក និងវេនថ្ងៃ។
លោកគ្រូនាយកបានបញ្ជាក់ទៀតថា ដោយឡែកអគារសិក្សាមួយខ្នង ដែលត្រូវរំកិលទៅក្រោយ នឹងលើកតម្កល់លើជើងសសរថ្មឲ្យខ្ពស់ផុតពីទឹក គឺមាន២បន្ទប់ ១បន្ទប់ស ម្រាប់លោកគ្រូអ្នកគ្រូស្នាក់នៅ និង១បន្ទប់ទៀត សម្រាប់សិស្សសិក្សាដែល១បន្ទប់នេះ ក៏មានចែកវេណសម្រាប់សិស្សសិក្សាជា២វេណផងដែរ។ ក្នុងនោះវេណពេលព្រឹកមានសិស្សថ្នាក់ទី១ ចូលសិក្សាមានចំនួនសិស្ស៨១នាក់ និងវេណពេលថ្ងៃមានសិស្សថ្នាក់ទី៣ មកសិក្សាក្នុងបន្ទប់អគារនេះមានចំនួន៣១នាក់។
លោក ឈួន ឈឿន មេភូមិពាមខ្នង ក៏បានឲ្យដឹងផងដែរថា ការអំពាវនាវសុំដល់សប្បុរសជន និងថ្នាក់ដឹកនាំឱ្យលោកជួយជាថវិកាខាងលើនេះ គឺសម្រាប់ឲ្យថ្លៃឈ្នួលជាង រំកិលអគារសិក្សាមួយខ្នងនេះ ដោយលើកដាក់លើជើង សសរថ្មឲ្យផុតពីទឹក ដែលជាងយកតម្លៃឈ្នួលចំនួន២លាន៥០ម៉ឺនរៀល។
តែដោយអាជ្ញាធរភូមិ និងលោកគ្រូអ្នកគ្រូមិនមានលទ្ធភាព ទើបពួកគាត់ទាំងអស់គ្នាក៏បានសម្រេចស្នើសុំរកការជួយឧបត្ថម្ភ តាមរយៈការផ្សព្វផ្សាយតាមបណ្ដាញសារព័ត៌មាន Fresh News ក្រែងមានសប្បុរស ជន ឬថ្នាក់ដឹកនាំជួយឧបត្ថម្ភតាមសំណើរខាងលើនេះ ព្រោះខ្លាចក្រែង បន្តិចទៀតទឹកឡើងខ្លាំង ហើយជាងមិនអាចធ្វើកើត ចំណែកសិស្សតូចៗនឹងជួបការលំបាកក្នុងការឆ្លងទឹកមករៀនជាក់ជាមិនខានឡើយ ដោយសា រតែនៅទីនេះក្នុងរដូវវស្សា គឺទឹកឡើងជនលិចជារៀងរាល់ឆ្នាំ៕