(ភ្នំពេញ)៖ រថយន្ដម៉ាកហ៉ីយ៉ានដាយមួយគ្រឿង ពាក់ផ្លាកលេខឡាវ បានបុករបាំងពុះចែកទ្រូងផ្លូវទៅមុខលែងរួច នៅខណ្ឌសែនសុខ លុះសមត្ថកិច្ចស្ទួចយកមករក្សាទុក ស្រាប់តែឆែករកឃើញថ្នាំញៀនសរុបជាង១០០ដុំ។

លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ហេតុការណ៍រថយន្ដបុកទ្រូងផ្លូវនេះ សមត្ថកិច្ចមូលដ្ឋានបានទទួលព័ត៌មាន នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ ក្នុងមូលដ្ឋានខណ្ឌសែនសុខ ហើយទុកមុខលែងរួច ខណៈអ្នកបើកបររត់គេចខ្លួនបាត់។

បើតាមលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា, នៅពេលសមត្ថកិច្ចទទួលបានព័ត៌មាន បានចេញត្រួតពិនិត្យ ហើយស្ទួចយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ លុះពេលឆែកក្នុងរថយន្ដ ដើម្បីរកអត្តសញ្ញាណអ្នកបើកបរ និងអ្នកពាក់ព័ន្ធ ស្រាប់តែប្រទះឃើញកញ្ចប់ដុំដែលមានការសង្ស័យ ប្រមាណជាង១០០ដុំ ហើយពិនិត្យឃើញថា ជាសារធាតុញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក។

អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ទៀតថា បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវជាបន្ដទៀត ដើម្បីស្វែងរកអ្នកដែលមានការពាក់ព័ន្ធចាត់វិធានការតាមផ្លូវច្បាប់៕