(កំពង់ចាម)៖ ថ្ងៃទី៨ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានក្រុមការងារជួយស្រុកកងមាស ខេត្តកំពង់ចាម បានអញ្ជើញដឹកនាំ ក្បួនយុទ្ធនាការឃោសនាបោះឆ្នោត នៅស្រុកកងមាស ដែលមានការចូលរួមពីសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល និងមូលដ្ឋានប្រមាណ៥០០០នាក់ នៅតាមឃុំទាំង១១។

បណ្ឌិតសភាចារ្យ​ បានថ្លែងអំណរគុណ និងកោតសរសើរថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្ស ព្រមទាំងប្រជាពលរដ្ឋស្រុកកងមាស​ ដែលមានភក្ដីភាពជឿជាក់គាំទ្រឥតងាករេមកលើគណបក្សប្រជាជនកម្ពុជា​ នាពេលកន្លងមក​ និងបានអញ្ជើញចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងមហោឡារិក។

ក្រោមការដឹកនាំដោយ​ សម្តេចតេជោ​ ហ៊ុន​ សែន​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ស្ថេរភាពនយោបាយ ការពាររបបរាជានិយម ធានាបានលំនឹងសេដ្ឋកិច្ច។

បណ្ឌិតសភាចារ្យ បានអំពាវនាវសមាជិក សមាជិកា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរស់នៅក្នុងសុខសន្តិភាព៕