(ភ្នំពេញ)៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជាខណ្ឌ៧មករា បានបន្តសកម្មភាពចុះឃោសនា និងធ្វើការពន្យល់ណែនាំពលរដ្ឋដល់តាមទីលំនៅ ឲ្យបានយល់ដឹងអំពីការគូសសន្លឹកឆ្នោតត្រឹមត្រូវ ឬហៅថាសន្លឹកឆ្នោតបានការ ចៀសវៀងការគូសខុស ដែលធ្វើឱ្យសន្លឹកឆ្នោតរបស់ពលរដ្ឋបោះជូនគណបក្ស ដែលខ្លួនស្រលាញ់ពេញចិត្តនោះយកជាការពុំបាន។
លោក ថេង សុថុល អនុប្រធានគណបក្សប្រជាជនខណ្ឌ៧មករា បានប្រាប់ឲ្យដឹងថា សកម្មភាពចុះពន្យល់អំពីការគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវនេះ បានបញ្ជ្រាបការយល់ដឹងបានកាន់តែច្បាស់ចំពោះពលរដ្ឋ សម្រាប់ថ្ងៃបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ហើយសកម្មភាពនេះក្រុមការងារគណបក្សនឹងចុះជាប្រចាំដល់តាមខ្នងផ្ទះរបស់ពលរដ្ឋតែម្តងនៅទូទាំងសង្កាត់ទាំង៨ នៃខណ្ឌ៧មករា។
ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ក៏ដូចជាអាជីវករលក់ដូរក្នុងផ្សារបឹងព្រលិតសប្បាយរំភើបរីករាយ ដែលបានជួបជាមួយលោក ថេង សុថុល អតីតចៅសង្កាត់បឹងព្រលិត កាលពីជាង២០ឆ្នាំមុន ដែលបច្ចុប្បន្នលោក ថេង សុថុល ជាអភិបាលខណ្ឌ៧មករា។
ប្រជាពលរដ្ឋក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ ចំពោះសកម្មភាពរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលបានចុះពន្យល់ពួកគាត់ ហើយសម្រាប់ថ្ងៃបោះឆ្នោតខាងមុខ ពួកគាត់នឹងគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីឲ្យសន្លឹកឆ្នោតនោះជាសន្លឹកឆ្នោតបានការ ហើយក៏ជាសន្លឹកឆ្នោតដ៏សម្ខាន់ក្នុងការជ្រើសរើសថ្នាក់ដឹកនាំល្អ ដើម្បីបន្តដឹកនាំប្រទេសជាតិទៅមុខបន្តទៀត។
សូមបញ្ជាក់ថា យុទ្ធនាការនៃការឃោសនាបោះឆ្នោត គឺប្រព្រឹត្តទៅរយៈពេល២១ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ កក្កដា ឆ្នាំ២០២៣ ហើយនៅថ្ងៃទី២៣ កក្កដា គឺជាថ្ងៃនៃការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៧តែម្តង៕