(កំពង់ធំ)៖ លោក ឃឹង នុភាព ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទសំបូរ បានបន្តយុទ្ធនាការឃោសនាបោះឆ្នោត ជួបសំណេះសំណាលជាមួយសមាជិកបក្ស និងពលរដ្ឋជិត ៥០០នាក់ នៅក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៨ ខែកក្តដា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោក ឃឹង នុភាព បានថ្លែងអំណរគុណ និងកោតសរសើរថ្នាក់ដឹកនាំ និងសមាជិកគណបក្ស ព្រមទាំងប្រជាពលរដ្ឋក្នុងឃុំឈូក ដែលមានភក្ដីភាពជឿជាក់គាំទ្រលើគោលមាគ៌ាដឹកនាំរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់សម័យកាលបោះឆ្នោត។

លោកបានបន្តថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ស្ថេរភាពនយោបាយ ការពាររបបរាជានិយម ធានាបានលំនឹងសេដ្ឋកិច្ច ពិសេសគ្រប់គ្រង បង្ការទប់ស្កាត់បានប្រកបដោយប្រសិទ្ធិភាពជំងឺកូវីដ១៩ និងស្នើប្រជាពលរដ្ឋមានជំហរច្បាស់លាស់ សម្រេចចិត្តឲ្យបានត្រឹមត្រូវក្នុងការបោះឆ្នោត ដើម្បីកំណត់នូវជោគវាសនារបស់ប្រទេសជាតិ ក៏ដូចជាកំណត់នូវជោគវាសនារបស់ខ្លួនឯងផងដែរ។

លោកក៏បានអំពាវនាវអោយសមាជិក និងប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីគាំទ្រការអនុវត្តលទ្ធិប្រជាធិបតេយ្យ និង បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីដើម្បីបន្តការដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើនរុងរឿងបន្ថែមទៀត៕