(ត្បូងឃ្មុំ)៖ លោក អ៊ាង សុផល្លែត សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររំាងឪ ខេត្តត្បូងឃ្មុំ បានផ្តាំផ្ញើដល់សមាជិក សមាជិកាបក្ស និងប្រជាពលរដ្ឋទាំងអស់ ត្រូវស្វែងយល់ច្បាស់ពីប្រវត្តិសាស្ត្រ ហើយប្រើប្រាស់សច្ចភាពប្រវត្តិសាស្ត្រ ជាមូលដ្ឋានក្នុងការសម្រេចចិត្តនាពេលបច្ចុប្បន្ន និងអនាគត។

លោក អ៊ាង សុផល្លែត បានលើកឡើងបែបនេះក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាមកពីភូមិគោកទី និងភូមិស្រឡុង នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ នៅក្នុងភូមិគោកទី ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

លើសពីនេះទៀត លោក អ៊ាង សុផល្លែត ក៏បានរំលឹកពីប្រវត្តិភូមិគោកទី ឬតំបន់ពោធិ៍កំបោរ កាលពីសម័យ ប៉ុល ពត ជាតំបន់មួយដែលសម្តេចតេជោ ហ៊ុន សែន, សម្តេចពោធិសាល ជា ស៉ីម, សម្តេចពញាចក្រី ហេង សំរិន, សម្តេចក្រឡាហោម ស ខេង ធ្លាប់មានអនុស្សាវរីយ៍ឆ្លងកាត់ និងប្រើប្រាស់ជាមូលដ្ឋានក្នុងការតស៊ូ ដើម្បីឈានទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ លើសពីនេះទៀតនៅតំបន់នេះមានទីតាំងមួយកន្លែង ដែលពួកខ្មែរក្រហម បានយកប្រជាជនមកសម្លាប់ ដែលបច្ចុប្បន្ននេះផ្លែផ្កាសន្តិភាព បានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ និងសប្បុរសជនមានលទ្ធភាពកសាងចេតិយនៅទីតាំងនោះ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធអ្នកបានស្លាប់។

ក្នុងឱកាសនេះដែរ លោក អ៊ាង សុផល្លែត បានណែនាំដល់សមាជិក សមាជិកាទាំងអស់៖

*រួបរួមគ្នាថែរក្សាសន្តិភាពដែលយើងមាន ដែលរកបានដោយលំបាក
*រួមគ្នាថែរក្សាសមិទ្ធនានាដែលរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ក៏ដូចជាក្រុមការងារបានកសាងឡើង ដើម្បីទុកឱកាសដល់ក្មេងជំនាន់ក្រោយ និងឈានឆ្ពោះទៅកាន់ការអភិវឌ្ឍបន្ថែមទៀត
*ពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ត្រៀមឯកសារ ដែលពាក់ព័ន្ធនឹងការបោះឆ្នោតដូចជា៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឱ្យការបោះឆ្នោត ដើម្បីទៅបោះឆ្នោត និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ លេខរៀងទី១៨ ដើម្បីថែរក្សាសន្តិភាព និងបន្តការអភិវឌ្ឍក្នុងសន្តិភាពទាំងអស់គ្នា៕