(ភ្នំពេញ)៖ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួម កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដើម្បីដោះស្រាយការគំរាមកំហែងនៃគ្រឿងញៀនសំយោគ តាមប្រព័ន្ធនិម្មិត ដែលដឹកនាំដោយ លោក Antony J. Blinken រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក។

វត្តមាននៅក្នុងកិច្ចប្រជុំនេះរួមមានរដ្ឋមន្រ្តីការបរទេស/រដ្ឋមន្រ្តី មកពីជាង ៥០ប្រទេស ព្រមទាំងប្រធាននៃអង្គការអន្តរជាតិនានា។

ក្នុងកំឡុងពេលនៃកិច្ចប្រជុំ រដ្ឋមន្រ្តីទាំងអស់បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីគ្រោះថ្នាក់ទៅលើសុខភាពសាធារណៈ និងសង្គម ដែលបណ្តាលមកការប្រើប្រាស់គ្រឿងញៀនសំយោគ ដែលមិនស្របតាមក្បួនវេជ្ជសាស្ត្រ។

រដ្ឋមន្ត្រីទាំងអស់បានបញ្ជាក់នូវការប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ និងខិតខំរួមគ្នាកំណត់នូវអាទិភាពសំខាន់ៗ។ រដ្ឋមន្រ្តីទាំងអស់បានប្តេជ្ញាចិត្តផងដែរក្នុងការបង្កើតឱ្យបាននូវដំណោះស្រាយឆ្ពោះទៅមុខ ជំរុញឱ្យកាន់តែប្រសើរនូវគំនិតផ្តួចផ្តើមថ្នាក់ជាតិ និងអន្តរជាតិ និងធានាថា គ្រប់ទិដ្ឋភាពនៃការកាត់បន្ថយតម្រូវការ និងការផ្គត់ផ្គង់ ក៏ដូចជាកិច្ចសហប្រតិបត្តិការអន្តរជាតិ គួរស្របតាមគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក អ៊ុច បូររិទ្ធ បានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការអនុវត្តសកម្មភាពជាក់ស្តែង និងបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីបង្ក្រាបការផលិត និងការជួញដូរគ្រឿងញៀនសំយោគដោយខុសច្បាប់ ក្នុងពេលនោះដែរត្រូវកាត់បន្ថយផលប៉ះពាល់គ្រោះថ្នាក់ទៅលើសុខភាពសាធារណៈ។ លោកបានលើកឡើងអំពីការខិតខំប្រឹងប្រែង និងវិធានការនានារបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាគ្រឿងញៀន រួមមាន ការអនុវត្តច្បាប់ គោលនយោបាយ និងផែនការសកម្មភាពសំខាន់ៗ។ កម្ពុជា បានធ្វើយុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីគ្រឿងញៀនយ៉ាងទូលំទូលាយដល់សាធារណជនទូទៅ និងក្រុមគោលដៅ។ កម្ពុជាបានពង្រឹងវិធានការគ្រប់គ្រង និងត្រួតពិនិត្យលើការនាំចូល ការចែកចាយ និងការប្រើប្រាស់សារធាតុគីមីផ្សំយ៉ាងហ្មត់ចត់ ដើម្បីបង្ការការផលិតគ្រឿងញៀនខុសច្បាប់ដោយប្រើសារធាតុគីមីផ្សំដែលយកមកពីការធ្វើពាណិជ្ជកម្មស្របច្បាប់។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីក៏បានបង្ហាញពីការត្រៀមខ្លួនជាស្រេចរបស់កម្ពុជាក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយគ្រប់ប្រទេស និងអ្នកពាក់ព័ន្ធទូទាំងពិភពលោក ដើម្បីការពារប្រទេសរបស់យើងរៀងៗខ្លួន ការពារសហគមន៍សកលពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃគ្រឿងញៀនសំយោគ និងធានាសុខុមាលភាពរបស់ប្រជាជន៕