(កណ្តាល)៖ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី ២ នៃរដ្ឋសភា សមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុកលើកដែក បានបន្តជួបប្រជុំជាមួយមន្រ្តីមូលដ្ឋាន និងដឹកនាំសមាជិក សមាជិកាគណបក្សចុះគ្រប់ឃុំទាំង ៧ ក្នុងស្រុកលើកដែក ខេត្តកណ្តាល។
ជាមួយនឹងភាពម៉ឺងម៉ាត់ ហ្មត់ចត់នាឱកាសចុះផ្សព្វផ្សាយគោលនយោបាយបក្ស និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅតាមមណ្ឌលសកម្មភាព និងតាមខ្នងផ្ទះប្រជាពលរដ្ឋរយៈពេល៨ថ្ងៃមកនេះ នៅគ្រប់ឃុំទាំង៧ នៃស្រុកលើកដែក លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី និងក្រុមការងារ បានរួមគ្នាពន្យល់បង្រៀន ប្រជាពលរដ្ឋពីរបៀបគូសសន្លឹកឆ្នោតអោយបានត្រឹមត្រូវ អោយក្លាយជាសន្លឹកឆ្នោតបានការ តាមការកំណត់របស់ គ.ជ.ប ។
ជាមួយគ្នាមឮនេះដែរ លោកស្រី កិត្តិសង្គហបណ្ឌិត បានធ្វើការក្រើនរំលឹកថាៈ មន្ត្រីត្រូវបន្តខិតខំបម្រើប្រជាពលរដ្ឋ និងខិតខំធ្វើអំពើល្អដើម្បីឆ្លើយតបទៅនឹងការជឿទុកចិត្ត ពីម្ចាស់ឆ្នោត និងបានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋ សមាជិក សមាជិកា ទាំងអស់ ចូលរួមអនុវត្តកិច្ចការងារទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយត្រូវត្រៀមខ្លួន ត្រៀមឯកសារអោយបានរួចរាល់ទុកជាមុន ដើម្បីធានាអោយការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន និងជោគជ័យសម្រាប់ជាតិយើងទាំងមូល។
លោកស្រី កិត្តិសង្គហបណ្ឌិត បានបញ្ជាក់បន្ថែមថា ក្នុងនាមយើងជាសមាជិកបក្សត្រូវមានជំហរច្បាស់លាស់ស្រលាញ់គាំទ្របក្ស ដូចនេះត្រូវគូសសន្លឹកឆ្នោតអោយបានត្រឹមត្រូវជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ មានរូបទេវតាបាចផ្កាជាសម្គាល់ ដើម្បីគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំថែរក្សាប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការកសាងអភិវឌ្ឍសមិទ្ធផលនានាបន្ថែមទៀត៕