(ភ្នំពេញ)៖ លោកបណ្ឌិត សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ (NIE) បានថ្លែងឱ្យដឹងថា កម្ពុជាកំពុងត្រូវការធនធានមនុស្សដែលមានសមត្ថភាពពេញលេញ មានទាំងចំណេះដឹង ជំនាញ ឥរិយាបថ និងសុខភាពល្អ សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់យើងឱ្យឆ្លើយតបទៅនឹងទិសដៅរបស់រាជរដ្ឋាភិបាល ដែលចង់ឱ្យប្រទេសកម្ពុជាមានសុខមាលភាពសង្គមល្អ និងមានកំណើនសេដ្ឋកិច្ចជាប្រចាំ។

លោកបណ្ឌិត សៀង សុវណ្ណា បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតីបិទការតាំងពិព័រណ៍អប់រំ លើស្នាដៃស្រាវជ្រាវរបស់គរុនិស្សិតកម្រិតឧត្តម (បរិញ្ញា+២) ជំនាន់ទី១ ដែលបានរៀបចំនៅវិទ្យាស្ថានជាតិអប់រំ (NIE) និងដោយមានការចូលរួមពីលោកនាយករង លោកស្រីនាយិការង លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ ដេប៉ាតឺម៉ង់ បណ្ណាល័យ បុគ្គលិកអប់រំ និងលោកគ្រូ អ្នកគ្រូ គរុនិស្សិត និងសិស្សានុសិស្សជាច្រើននាក់។

លោកបណ្ឌិត សៀង សុវណ្ណា បានបន្តថា «ការបណ្តុះធនធានមនុស្សនៅពេលអនាគត ត្រូវឲ្យមានសមត្ថភាពពេញលេញ ហើយសមត្ថភាពពេញលេញនេះគឺមានទាំងចំណេះដឹង មានទាំងជំនាញ មានទាំងឥរិយាបថ និងមានទាំងសុខភាពល្អ ដូចនេះប្អូនៗដែលនឹងក្លាយជាគ្រូបង្រៀននៅពេលដ៏ខ្លីខាងមុខនេះត្រូវយកចំណុចសំខាន់ទាំងនេះទៅផ្តើមនូវសកម្មភាពដើម្បីអភិវឌ្ឍធនធានមនុស្សរបស់យើង ព្រោះមានតែធនធានមនុស្សខ្លាំងទេ ដែលអាចអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់យើងឱ្យឆ្លើយតបទៅនឹងទិសដៅរបស់រាជរដ្ឋាភិបាល ដែលចង់ឱ្យប្រទេសកម្ពុជា មានកំណើនសេដ្ឋកិច្ចជាប្រចាំ»។

បន្ថែមពីនេះដែរលោកបណ្ឌិត សៀង សុវណ្ណា ក៏បានថ្លែងកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងគ្រូឧទ្ទេសនៃវិទ្យាស្ថានជាតិអប់រំទាំងអស់ ដែលបានខិតខំបំពេញការងារក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ទាំងលើផ្នែកដឹកនាំនិងគ្រប់គ្រង ផ្នែកគរុកោសល្យ និងផ្នែកអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងបានថ្លែងកោតសរសើរដល់គរុនិស្សិតទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើការស្រាវជ្រាវនូវស្នាដៃថ្មីៗ សម្រាប់យកមកធ្វើការតាំងបង្ហាញនាឱកាសនេះ។

លោកបណ្ឌិត សៀង សុវណ្ណា ក៏បានកោតសរសើរនូវការសម្តែងសិល្បៈរបស់ក្រុមគរុនិស្សិត ដែលធ្វើបានយ៉ាងល្អ និងបានអះអាងដែរថា គ្រូបង្រៀនមិនត្រឹមតែមានចំណេះដឹង និងការបង្រៀនល្អនោះទេ គឺត្រូវតែមានចំណេះដឹងខាងសិល្បៈ ក្នុងការពន្យល់បង្ហាត់បង្ហាញដល់សិស្ស ហើយគ្រូបង្រៀនក៏ត្រូវតែចេះបត់បែនទៅតាមពេលវេលា និងការស្រាវជ្រាវផងដែរ។

នាឱកាសនោះដែរពាក់ព័ន្ធនឹងការសម្តែងសិល្បៈរបស់គរុនិស្សិតបានយ៉ាងល្អនេះលោកបណ្ឌិត សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ ក៏បានបង្ហាញបំណងចង់បង្កើតក្រុមសិល្បៈគរុនិស្សិតមួយក្រុម ដើម្បីសម្តែងនូវរាល់កម្មវិធីជួបភ្ញៀវជាតិ និងអន្តរជាតិ និងភ្ញៀវធំៗផ្សេងៗទៀត។

សូមបញ្ជាក់ដែរថា បើតាមរបាយការណ៍សកម្មភាពស្រាវជ្រាវរបស់គរុនិស្សិត បានឱ្យដឹងថា សកម្មភាពស្រាវជ្រាវរបស់គរុនិស្សិត មានដូចជា៖ ប្រធានបទស្រាវជ្រាវអប់រំរបស់គរុនិស្សិតកម្រិតឧត្តម(បរិញ្ញាបត្រ+ ២)ជំនាន់ទី១ សរុបមានចំនួន៩៨ប្រធានបទស្រាវជ្រាវ។ ក្នុងចំណោមប្រធានបទស្រាវជ្រាវចំនួន ៩៨ប្រធានបទ ក្រុមគរុនិស្សិតគណិតវិទ្យាមានចំនួន ៣១ប្រធានបទ ជីវវិទ្យាមានចំនួន ២៣ប្រធានបទ រូបវិទ្យា មានចំនួន ២៣ប្រធានបទ និងគីមីវិទ្យាមានចំនួន២១ប្រធានបទ។

គរុនិស្សិតទាំង៤ក្រុម បានប្រមូលទិន្នន័យស្រាវជ្រាវតាមប្រធានបទរបស់ខ្លួន នៅតាមគ្រឹះស្ថានសិក្សារួចរាល់។ ក្នុងនោះគរុនិស្សិតប្រមាណ៦០% បានសរសេរបញ្ចប់និក្ខេបបទរបស់ខ្លួន និងប្រមាណ ៤០%ទៀតកំពុងសរសេរលទ្ធផលស្រាវជ្រាវ។ គរុនិស្សិតកម្រិតឧត្តម (បរិញ្ញាបត្រ+២) ជំនាន់ទី១ ទាំងអស់នឹងត្រូវការពារនិក្ខេបបទ ស្រាវជ្រាវបញ្ចប់ការសិក្សានៅថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ៕