(ភ្នំពេញ)៖ ប្រជាពលរដ្ឋប្រមាណ៣០គ្រួសារ ដែលរស់នៅក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ បានសម្តែងនូវក្តីរីករាយឥតឧប្បមា នៅពេលដែលអាជ្ញាធរ បានសាងសង់ប្រព័ន្ធលូ និងស្ថាបនាផ្លូវ ជិតលំនៅឋានពួកគាត់ ដែលធ្វើឲ្យពួកគាត់លែងលិចលង់ និងមានផ្លូវដើរល្អ។
ការសម្តែងនូវក្តីរីករាយរបស់ ក្រុមប្រជាពលរដ្ឋ ក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប យ៉ាងដូច្នេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរ បាននឹងកំពុងពន្លឿនការស្ថាបនាផ្លូវ និងប្រព័ន្ធលូ ក្នុងតំបនអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ស្ថិតក្នុងមូលដ្ឋានរបស់ពួកគាត់ ដោយបញ្ជៀសការលិចលង់ នៅរដូវភ្លៀងធ្លាក់។
អ្នកស្រី ថៀក សុភាព អាយុ៦២ឆ្នាំ ដែលបានរស់នៅក្នុងភូមិព្រែកលៀប តាំងពីឆ្នាំ១៩៧៩មក បង្ហាញនូវក្តីសប្បាយរីករាយ នៅពេលមានផ្លូវ ដែលអាជ្ញាធរកំពុងស្ថាបនានៅពេលនេះ។ អ្នកស្រីថា ពីមុនឲ្យតែដល់ពេលមានភ្លៀងធ្លាក់ខ្លាំង ផ្ទះរបស់អ្នកស្រី ក៏ដូចជាអ្នកជិតខាង គ្មានផ្លូវដើរល្អនោះទេ គឺដើរលុយទឹក ពិបាកជាពុនពេក។ តែនៅពេលនេះពួកគាត់ អាចដើរតាមផ្លូវដែលអាជ្ញាធរទើប នឹងស្ថាបនានេះ បន្ថែមលើផ្លូវទំហំ២,៥ម៉ែត្រ ដែលបុកទៅផ្លូវ ៦A ដែលប្រើប្រាស់សព្វថ្ងៃ។
ជាមួយនឹងការសាងសង់ផ្លូវនេះ អ្នកស្រីបានថ្លែងអំណរគុណដល់អាជ្ញាធរ និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែណែនាំ អាជ្ញាធរមូលដ្ឋាន ដោះស្រាយបញ្ហាកង្វល់ជូនពួកគាត់ ពិសេសការអភិវឌ្ឍន៍នៅតំបន់នេះ មិនបានធ្វើប៉ះពាល់ដល់ប្រជាពលរដ្ឋទេ មានតែជួយឲ្យប្រជាពលរដ្ឋរស់នៅកាន់តែងាយស្រួល និងទទួលបានផលប្រយោជន៍ ការអភិវឌ្ឍន៍ផងដែរ។
អ្នកស្រី ហ៊ុន ស៊ីថា ដែលមានផ្ទះជាប់នឹងផ្លូវ ដែលកំពុងស្ថាបនាដោយអាជ្ញាធរ បានសម្តែងនូវភាពរីករាយ មិនខុសគ្នានឹងអ្នកស្រី ថៀក សុភាព នោះឡើយ គឺគ្មានអ្វីក្រៅពីថ្លែងអំណរគុណ ដល់អាជ្ញាធរ និងក្រុមហ៊ុនអភិវឌ្ឍន៍ទីក្រុង រណបជ្រោយចង្វារ (OCIC) ដែលតែងតែជួយដល់ពួកគាត់ ដែលរងការលំបាកដោយការលិចលង់ ពេលមានភ្លៀងធ្លាក់ម្តងៗ។
មន្ត្រីសាលាសង្កាត់ព្រែកលៀប ក៏បានឲ្យដឹងផងដែរថា ការស្ថាបនាផ្លូវនិងប្រព័ន្ធលូ របស់អាជ្ញាធរនេះ គឺជាការចាំបាច់បំផុត ព្រោះបើមិនដូច្នេះទេ សាលាសង្កាត់នឹងត្រូវរងការគម្រាមកំហែង យ៉ាងធ្ងន់ធ្ងរដោយទឹកជន់លិច នៅពេលមានភ្លៀងធ្លាក់ម្តងៗ។ ជាក់ស្តែងការពីពេលថ្មីៗកន្លងទៅ សាលាសង្កាត់ព្រែកលៀប បានរងការលិចលង់ស្ទើរត្រឹមចង្កេះ ដែលសឹងតែត្រូវបំផ្លាញឯកសារ សាលាសង្កាត់ទៀតផង។
ក្រុមប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ពួកគាត់មានការសោកស្តាយ ដែលនៅប៉ុន្មានថ្ងៃមុននេះ មានការប៉ះទង្គិចគ្នារវាងអាជ្ញាធរ និងក្រុមកម្មកររបស់ម្ចាស់ដីដែលទិញដីទុកលក់ បន្ទាប់ពីក្រុមកម្មករទាំងនោះ បានលួចសង់របង និងបិទរូបថ្នាក់ដឹកនាំ បង្កការរាំងស្ទុះដល់ការអភិវឌ្ឍន៍ផ្លូវ ហើយអ្នកតវ៉ាទាំងនោះមិនមែន ជាប្រជាពលរដ្ឋពិតប្រាកដទេ។
ដើម្បីជំរុញឲ្យការស្ថាបនា រចនាសម្ព័ន្ធនៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារនេះ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានចេញលិខិតណែនាំ ដល់ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ ដែលមានក្បាលដី ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ចូលរួមសហការឲ្យបានល្អ ក្នុងការស្ថាបនាប្រព័ន្ធលូ បង្ហូរទឹកភ្លៀង និងផ្លូវនានាឲ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះ អាជ្ញាធររាជធានីភ្នំពេញ បានជំរុញឲ្យឈ្មួញដែលទិញដីធំៗបង្កក ទុកលក់យកចំណេញ មេត្តាចូលរួមសហការជាមួយនឹង អាជ្ញាធរក្នុងការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារនេះឲ្យបានឆាប់ ហើយបញ្ឈប់ការប្រើប្រាស់ប្រជាពលរដ្ឋជាឈ្នាន់ ដើម្បីតវ៉ាជាមួយអាជ្ញាធរតទៅទៀត៕