(កំពង់ធំ)៖ លោក ជា បូរ៉ា​ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា​ ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិកបក្សចំនួន ៦៥០នាក់ ដង្ហែរក្បូនឃោសនារកសំលេងឆ្នោត នៅឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លេីកឡេីងនាឱកាសនោះលោក ជា បូរ៉ា ក៏បានកោតសរសើរដោយស្មោះសរ ចំពោះសមាជិក សមាជិកាគណបក្ស សកម្មជន និងអ្នកគាំទ្រគណបក្ស ប្រជាជនកម្ពុជា ក្នុងឃុំបល្ល័ង្ក ដែលបានផ្តល់ការជឿជាក់ និងបន្តការគាំទ្រដ៏ស្មោះស្ម័គ្រចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឱ្យគណបក្សមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន ប្រកបដោយជោគជ័យ ក្នុងរយៈពេលជាង ៤៤ ឆ្នាំកន្លងទៅនេះ។

លោក ជា បូរ៉ា ក៏បានគុសបញ្ជាក់នូវជំហរឥតងាករេ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នំា២០២៣ តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដោយគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោត។

លោកក៏បានស្នើដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងឃុំបល្ល័ង្ក សូមចូលរួមក្នុងយុទ្ធនាការឃោសនានេះឱ្យបានសកម្មបំផុត ដើម្បីបង្ហាញពីកម្លាំង នៃសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំរបស់គណបក្សយើង ដោយប្រកាន់ខ្ជាប់នូវភាពថ្លៃថ្នូរ និងសីលធម៌ ដ៏ល្អប្រសើរ។ ដូច្នេះដើម្បីធានាឱ្យបានសមាជិកបក្សមួយរូប សម្លេងឆ្នោតមួយសន្លឹក សូមសមាជិក សមាជិកាគណបក្សប្រជាជនក្នុងឃុំបល្ល័ង្ក ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមពិនិត្យ និងត្រៀមអត្តសញ្ញាណបណ្ណរបស់ខ្លួនឱ្យបានច្បាស់លាស់។ ក្នុងករណីបាត់ ឬខូច អត្តសញ្ញាណបណ្ណ សូមមេត្តាប្រញាប់រួសរាន់ទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឱ្យការបោះឆ្នោត (ឯ.អ) និងសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នាកុំបីខាន និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោតជាសម្គាល់ ដើម្បីធានាការថែរក្សា សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិជាបន្តទៀត។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។

គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕