(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្វាយរៀង នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តដឹកនាំថ្នាក់ដឹកនាំ សមាជិក សមាជិកា ឃោសនារកសម្លេងឆ្នោត និងបង្រៀនគូសសន្លឹកឆ្នោតដល់សមាជិកបក្សជាង ១,០០០នាក់ នៅឃុំស្វាយជ្រំ និងឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

នាឱកាសនោះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអំពាវនាវសមាជិក សមាជិកាបក្សបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីធានានូវការអភិវឌ្ឍជាតិ។

សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងជាប្រទេសដែលប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ 

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តថា រយៈកាលជាង ៤៤ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានខិតខំថែរក្សា និងការពារសុខសន្តិភាព ដែលរកបានមកយ៉ាងលំបាក ហើយបានបន្តជំរុញការអភិវឌ្ឍប្រទេសជាតិ គិតគូរអំពីសុខទុក្ខ និងសុខុមាលភាពប្រជាពលរដ្ឋតាមរយៈការផ្តល់នូវជំនួយផ្នែកគាំពារសង្គម។ ជាក់ស្តែងនៅក្នុងខេត្តស្វាយរៀង តាមមូលដ្ឋានឃុំ សង្កាត់ ដែលពីមុនពុំធ្លាប់មានសោះឥឡូវមាន ផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាព ប្រព័ន្ធ ទឹក ភ្លើង ផ្លូវល្បឿនលឿន តំបន់សេដ្ឋកិច្ចពិសេស រោងចក្រ សហគ្រាស និងសមិទ្ធផលនានាជាច្រើនទៀត ដែលបម្រើឱ្យផលប្រយោជន៍ ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ 

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ដែលមានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោតស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសម្លេង និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ៕