(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ និងក្រុងសំពៅពូន ខេត្តកណ្តាល បានអំពាវនាវឲ្យពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី អាណត្តិទី៧ ដឹកនាំមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន រុងរឿងទៅមុខបន្តទៀត។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុ បានលើកឡើងយ៉ាងដូចនេះ នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃទី៨ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាឱកាសដែលលោកបាន ចុះជួបសណោះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋជាសមាជិកគណបក្សក្នុងមូលដ្ឋានសង្កាត់ព្រែកស្តី នៃក្រុងសំពៅពូន ប្រមាណ១០០០នាក់ និងសមាជិកគណបក្សក្រុមការងារយុវជន ស្រុកកោះធំ និងក្រុងសំពៅពូន ខេត្តកណ្តាល ប្រមាណ៥០០នាក់។
បន្ថែមពីនេះសូលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានស្នើឱ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទី ជាពលរដ្ឋល្អ។ ជ្រើសរើសគណបក្សដែលនាំនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។
គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕