(កណ្តាល)៖ ក្នុងការចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅតាមភូមិ និងមណ្ឌលប្រចាំការរបស់គណបក្សក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល, បណ្ឌិត ចន ណារិទ្ធ បានផ្ដាំផ្ញើសកម្មជន សកម្មនារី និងជនបង្គោល តាមមូលដ្ឋាននីមួយៗ ឱ្យបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីគោលនយោបាយរបស់គណបក្សប្រជាជន ដល់ប្រជាជនម្ចាស់ឆ្នោត ដើម្បីឱ្យពួកគាត់អញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដើម្បីរួមគ្នារក្សាសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ។
ក្នុងដំណើរនាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ នេះ, បណ្ឌិត ចន ណារិទ្ធ និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ក៏បានឆៀងចូលសួរសុខទុក្ខសកម្មជន សកម្មនារី និងជនបង្គោល តាមមណ្ឌលប្រចាំការរបស់គណបក្ស នៅក្នុងឃុំឬស្សីជ្រោយ ស្រុកមុខកំពូលផងដែរ ដោយបានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស និងសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន មានលេខរៀងទី១៨ នៅក្នុងសន្លឹកឆ្នោត និងបានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតសាកល នីតិកាលទី៧ នៃរដ្ឋសភា នៅគ្រប់រាជធានី-ខេត្តទាំង២៥។
បណ្ឌិត ចន ណារិទ្ធ បានគូសបញ្ជាក់ និងរលឹកដល់សកម្មជន សកម្មនារី និងជនបង្គោលគណបក្សទាំងអស់ មិនចំពោះតែក្នុងខេត្តកណ្ដាលទេ សូមបន្តផ្សព្វផ្សាយគោលនយោបាយគណបក្សប្រជាជន ដើម្បីឱ្យម្ចាស់ឆ្នោតបានយល់ច្បាស់ និងចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់គ្រប់គ្នា ដើម្បីរួមគ្នារក្សាសុខសន្តិភាព ជំរុញការអភិវឌ្ឍជាតិ និងបន្តទទួលបាននូវអត្ថប្រយោជន៍នានា ដែលសម្តេចតេជោប្រធានគណបក្សបានប្រកាសដាក់ចេញ៕