(សៀមរាប)៖ អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និងក្រុមការងារគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារ សមាជិក សមាជិកាគណក្ស ប្រជាជនកម្ពុជា ប្រមាណ ១,៥០០នាក់ ឃោសនារកសំឡេងឆ្នោត នៅឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។
នាឱកាសនោះដែរ អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ បានថ្លែងអំណរគុណ និងកោតសរសើរថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្ស ព្រមទាំងប្រជាពលរដ្ឋនៅឃុំជីក្រែង ស្រុកជីក្រែង ដែលមានភក្ដីភាពជឿជាក់គាំទ្រឥតងាក រេមកលើ គណបក្សប្រជាជនកម្ពុជា ទាំងការបោះឆ្នោតឆ្នាំ២០២២ និងកន្លងៗមក ព្រមទាំងបានអញ្ជើញចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងមហោឡារិក។
អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ បានថ្លែងអំណរគុណប្រជាពលរដ្ឋនៅមូលដ្ឋានឃុំជីក្រែង និងប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ស្ថេរភាពនយោបាយ ការពាររបបរាជានិយម ធានាបានលំនឹងសេដ្ឋកិច្ច ពិសេសគ្រប់គ្រង បង្ការទប់ស្កាត់បានប្រកបដោយប្រសិទ្ធិភាពជំងឺកូវីដ-១៩ និងចូលរួមគាំទ្រការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣នេះ។
អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ក៏បានអំពាវនាវសមាជិក សមាជិកា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងជារួមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីគាំទ្រការអនុវត្តលទ្ធិប្រជាធិបតេយ្យដែលចាក់គ្រឹះយ៉ាងរឹងមាំនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តការដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើនរុងរឿង សុីវិល័យ និងឈរស្មើមុខលើឆាកអន្តរជាតិ៕