(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំអឌ្ឍមាស របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម នាសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នេះ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានផ្តល់នូវគំនិតផ្តួចផ្តើមថ្មីមួយ ដើម្បីពន្លឿនការអភិវឌ្ឍន៍វិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដោយបានរៀបចំបង្កើតឲ្យមាន «SME Cluster Zone»។
នៅក្នុងជំហានដំបូង ក្នុងការអនុវត្តនូវគំនិតផ្តួចផ្តើម ដ៏មានសារសំខាន់នេះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានណែនាំឲ្យមន្រ្តីជំនាញ ផ្នែកសហគ្រាសធុនតូច និងមធ្យម នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចាប់ផ្តើមនូវសកម្មភាពរបស់ខ្លួន ដើម្បីធ្វើការសិក្សាស្រាវជ្រាវលម្អិត ពិនិត្យលទ្ធភាពធ្វើយ៉ាងណាឲ្យគម្រោងនៃការបង្កើត «SME Cluster Zone» អាចប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងផ្តល់នូវអត្ថប្រយោជន៍ខ្ពស់ សម្រាប់វិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
«SME Cluster Zone» នឹងអាចក្លាយជាតំបន់ ដែលប្រមូលផ្តុំដោយសហគ្រាសធុនតូច និងមធ្យមទាំងឡាយ ឲ្យស្ថិតនៅកៀកគ្នា ក្នុងតំបន់ដែលមានសក្តានុពលមួយ អាចឲ្យពួកគេចែករំលែកនូវបទពិសោធន៍ ផ្ទេរបច្ចេកវិទ្យាឲ្យគ្នាទៅវិញទៅមក និងអាចបង្កើននូវសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន តាមរយៈការទទួលបានការជួយឧបត្ថម្ភ គាំទ្រ និងការសម្របសម្រួលផ្សេងៗ ពីរាជរដ្ឋាភិបាលផងដែរ ដែលធ្វើឲ្យពួកគេមានលទ្ធភាពកាន់តែច្រើន ក្នុងពង្រីកនូវសង្វាក់ផលិតកម្ម ដែលអាចផលិតបាននូវផលិតផលមានគុណភាព ក្នុងការដណ្តើមយកចំណែកទីផ្សារទាំងក្នុង និងក្រៅប្រទេស។
ជាងនេះទៅទៀត «SME Cluster Zone» នឹងអាចក្លាយទៅជាទីផ្សារការងារមួយ ដ៏សំខាន់នៅតាមតំបន់សក្តានុពលទាំងឡាយ ទាំងនៅទីប្រជុំជន និងជនបទ ហើយវាក៏នឹងក្លាយជាមូលដ្ឋានគ្រឹះ ដ៏រឹងមាំសម្រាប់ទាញយកការអភិវឌ្ឍន៍នានា ឲ្យកាន់តែខិតទៅកៀកជិតនឹងប្រជាជន នៅតាមទីជនបទ ដែលនឹងចូលរួមចំណែកយ៉ាងមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយភាពក្រីក្រ និងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែ ល្អប្រសើរ។
គួរបញ្ជាក់ផងដែរថា នៅក្នុងប្រទេសជឿនលឿនជាច្រើន នៅលើពិភពលោក វិស័យសហគ្រាសធុនតូច និងមធ្យម (SME) បានដើរតួនាទីយ៉ាងសំខាន់ មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារ សម្រាប់ប្រជាជន៕